ប៉ូលិសអាមេរិកម្នាក់លាលែងពីការងារ ក្រោយដកកាំភ្លើងភ្ជង់បុរសស្បែកខ្មៅម្នាក់ ដែលកំពុងរើសសំរាមសម្អាតជុំវិញផ្ទះគាត់

នេះជាវីដេអូទើបនឹងលេចធ្លាយថ្មីមួយនៅលើបណ្តាញសង្គម ដែលអាចជាដើមចមមួយនៃករណីជាច្រើនអំពីវិធីដោះស្រាយរបស់ប៉ូលិសអាមេរិកទល់នឹងជនជាតិស្បែកខ្មៅក្នុងទឹកដីមួយនេះ ដែលញ៉ាំងឱ្យការស្លាប់របស់លោក George Floyd រឹតតែកក្រើកយ៉ាងសម្បើមនៅអាមេរិក ហើយបន្តរាលដាលទៅប្រទេសមួយចំនួនទៀតនៅពេលបច្ចុប្បន្ន។

វីដេអូនោះបានបង្ហាញបុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវប៉ូលិសភ្ជង់កាំភ្លើងខណៈគាត់គ្រាន់តែព្យាយាមដើររើសសំរាមសម្អាតនៅជុំវិញបរិវេណតំបន់ដែលគាត់រស់នៅ។ 

ឧបទ្ទវហេតុនេះកើតឡើងនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ពេលដែលប៉ូលិសទីក្រុង Boulder លោក John Smyly ដកកាំភ្លើងភ្ជង់លោក Zayd Atkinson ឱ្យដាក់ចុះនូវអាវុធក្នុងដៃ (ដង្កៀបចាប់សំរាម) ខណៈគាត់កំពុងរើសសំរាមដល់បរិវេណដីឡូត៍មួយក្នុងតំបន់ដែលគាត់រស់នៅ ដែលមានស្លាកសម្បត្តិឯកជននៅពីមុខ។ 

យោងតាមសម្តីអ្នកនាំពាក្យទីក្រុង Boulder ស្ថិតក្នុងរដ្ឋខូឡូរ៉ាដូ បានបញ្ជាក់ថា លោក Atkinson បានធ្វើការ និងរស់នៅក្នុងតំបន់នោះ ហើយគាត់បានដកកាតសិស្សរបស់គាត់ទៅឱ្យមន្រ្តីប៉ូលិស ប៉ុន្តែលោក Smyly បានឃុំខ្លួនគាត់ដើម្បីធ្វើការស៊ើបអង្កេតបន្ត។

នៅក្នុងវីដេអូអ្នករស់នៅក្នុងតំបន់នោះម្នាក់ដែលបានផ្តិតទិដ្ឋភាពនេះបានស្រែកម្តងហើយម្តងទៀតថា "គាត់កំពុងរើសសំរាម" ខណៈដែលអ្នកទាំងពីរកំពុងតទល់សម្តីគ្នា។

វីដេអូនេះត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម និងបង្កឱ្យមានការរិះគន់យ៉ាងសម្បើម។ នៅថ្ងៃបន្ទាប់ ស្ថានីយប៉ូលិសប្រចាំទីក្រុងបានបើកការស៊ើបអង្កេតទៅលើរឿងនេះ។

ការស៊ើបអង្កេតត្រូវបានប្រកាស មិនមានភស្តុតាងណាមួយបង្ហាញពីការរើសអើងជាងសាសន៍នោះទេ ប៉ុន្តែលើកឡើងថា លោក Smyly បានរំលោភមើលងាយគោលនយោបាយនាយកដ្ឋានប៉ូលិសចំនួនពីរ ៖ គាត់បានរំលោភអំណាចប៉ូលិសនិងការទុកចិត្តពីសាធារណជន ហើយគាត់បានរំលោភក្រមសីលធម៌របស់នាយកដ្ឋាន។ ទីក្រុងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា ការរកឃើញទោសកំហុសទាំងនោះ "ទំនងជានឹងបណ្តាលឱ្យមានការផ្អាក ឬអាចនឹងបញ្ចប់ពីការងារ"។

ប៉ុន្តែគាត់បានឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុង Boulder មុនពេលគាត់ត្រូវបានដាក់វិន័យ។ លោក Smyly បានលាលែងពីតំណែង ប៉ុន្តែនឹងពុំទទួលបានលុយបញ្ចប់ការងារនោះទេ។ នោះមានន័យថាទីក្រុងនឹងផ្តល់ឱ្យគាត់នូវទឹកប្រាក់ប្រហែល ៦៩.០០០ដុល្លារអាមេរិក គិតចាប់ពីចន្លោះថ្ងៃដែលគាត់សុំលាលែង និងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០០៩ ដែលជាថ្ងៃការងារចុងក្រោយរបស់គាត់ប៉ុណ្ណោះ៕ 

 

adverise with khmeread