ល្បិចចោរដដែល តែនៅអាចបោកបានជាហូរហែរ​ ដោយសារតែការលោភលន់

ភ្នំពេញ​ ៖​ សមត្ថកិច្ចតែងតែបង្ក្រាបករណីឆបោកឱ្យផ្ញើលុយតាមវីងជាហូរហែរនិងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះទៅបោកប្រាស់អ្នកផ្សេងទៀតបាន ក្នុងនោះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឱ្យបងប្អូនប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នខ្ពស់ កុំមានចិត្តលោភលន់កុំចង់បានអ្វីដែលមិនមានប្រភពជាពិសេសលាភសក្ការៈ ដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។ 

មន្ត្រីអាវុធហត្ថបាននិយាយថា​ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនឆបោកឱ្យផ្ញើលុយតាមវីងពីរនាក់គូកន ជនជាតិនីហ្សេរីយ៉ា ភេទប្រុស ឈ្មោះ IWUJI DES MOND អាយុ៣១ឆ្នាំ និងជនជាតិខ្មែរ ភេទស្រី ឈ្មោះ ញឹក សារ៉ាត អាយុ៣៥ឆ្នាំ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់។ 

មន្ត្រីដដែលបន្តថា​ ការឃាត់ខ្លួនបន្ទាប់ពីពួកគេទាំងពីរនាក់ បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ភេទស្រី អាយុ៤៧ឆ្នាំ ឱ្យផ្ញើលុយទៅពួកគេជាបន្តបន្ទាប់ចំនួន៣ដង សរុប 8,500$ តែជនរងគ្រោះទើបតែផ្ញើបាន 3,500$ ក៏មានការសង្ស័យ ទើបប្ដឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវជាបន្តបន្ទាប់កំណត់មុខសញ្ញាជនសង្ស័យបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជាក់ស្ដែងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។

មន្ត្រីដដែលបន្តថា​ ល្បិចកលដែលជនល្មើសទាំងពីរនាក់ខាងលើ បានប្រើសម្រាប់ធ្វើការឆបោកជនរងគ្រោះ គឺមិនខុសពីល្បិចជនល្មើសមុនៗទេ ដោយដំបូងឡើយពួកគេបានប្រើអាក់ខោនហ្វេសប៊ុក ជាឈ្មោះបរទេស (She feek Wilson) ទំនាក់ទំនងមកកាន់ជនរងគ្រោះដោយប្រាប់ថារូបគេរស់នៅសហរដ្ឋអាមេរិក។ 

បន្ទាប់ពីបានឆាតរកគ្នាទៅវិញទៅមកអស់រយៈពេល៣ខែ ជនល្មើសក៏បានប្រាប់ទៅជនរងគ្រោះថា គាត់ជិតចូលនិវត្តន៍ហើយ ដោយស្រលាញ់ចូលចិត្ត និងមាននិស្ស័យជាមួយជនរងគ្រោះ គាត់ចង់ផ្ញើប្រាក់មកឱ្យជនរងគ្រោះ ដើម្បីទិញផ្ទះនៅស្រុកខ្មែរ ទុកសម្រាប់ពេលគាត់មកលេងស្រុកខ្មែរមានផ្ទះនៅស្រាប់ ហើយគាត់ប្រាប់ទៀតថា ពេលគាត់ផ្ញើលុយមក នឹងឱ្យគេទំនាក់ទំនងមកជនរងគ្រោះតាមទូរស័ព្ទ ហើយជនរងគ្រោះក៏ប្រាប់លេខទូរស័ព្ទទៅជនល្មើស។

ក្រោយមកប៉ុន្មានថ្ងៃក៏មានលេខទូរស័ព្ទ 096 388 5014 បានហៅមកកាន់ជនរងគ្រោះឱ្យផ្ញើលុយទៅគេ ដើម្បីរៀបចំឯកសារដកប្រាក់ដែលគេផ្ញើមកពីសហរដ្ឋអាមេរិក។ ពេលនោះជនរងគ្រោះបានប្រាប់ទៅវិញថា ជួយដឹកជញ្ជូនលុយទាំងនោះមកដល់ផ្ទះរបស់ខ្លួនមក តែគេប្រាប់ថាវិញថា ទាល់តែផ្ញើលុយទៅរៀបចំឯកសារត្រឹមត្រូវ ទើបដកលុយបាន។ 

លុះនៅវេលាម៉ោង១២ ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២០ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសតាមទ្រូម៉ាន់នីចំនួន៥០០$ ដោយគេប្រាប់ថារត់ការតាមស្ថានទូត។ ពេលផ្ញើលុយរួចហើយ នៅវេលាម៉ោង២រសៀល ថ្ងៃដដែលជនរងគ្រោះបានផ្ញើលុយទៅជនល្មើសម្ដងទៀតតាមវីង ចំនួន 2,500$ ដោយគេប្រាប់ថាដើម្បីរត់ការតាមរយៈគយ។

លុះដល់ម៉ោង៤ល្ងាច ថ្ងៃដដែល ជនល្មើសបានប្រាប់ឱ្យជនរងគ្រោះផ្ញើលុយចំនួន 5,500$ បន្ថែមទៀត ទើបធ្វើឯកសាររួចរាល់ តែដោយជនរងគ្រោះស្ដាប់ច្រឡំ ក៏ផ្ញើលុយទៅជនល្មើសតែ 500$ ស្រាប់តែជនល្មើសបានទូរស័ព្ទមកម្ដងទៀតឲ្យផ្ញើលុយបន្ថែម 5,000$ ទើបអាចដកលុយពីសហរដ្ឋអាមេរិកបាន តែដោយជនរងគ្រោះគ្មានប្រាក់ផ្ញើទៅទៀត និងមានការសង្ស័យផងនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង។

ក្រោយពេលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០៕

adverise with khmeread