ចិនពន្លះអាមេរិកទៀតហើយ លើកនេះថាការរើសអើងជាតិសាសន៍សព្វថ្ងៃជា "ជំងឺសង្គម"

ក្រសួងការបរទេសចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិកទប់ស្កាត់ការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិភាគតិច។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃសៅរ៍ទី៦មិថុនា។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយកាលពីដើមសប្តាហ៍នេះថា "យើងកំពុងតាមដានការវិវឌ្ឍចុងក្រោយជុំវិញការស្លាប់របស់លោក Floyd ចលនា Black Lives Matter ហើយសិទ្ធិមនុស្សរបស់ពួកគេគួរតែត្រូវបានការពារ"។

លោកបានបន្ថែមថា "ការរើសអើងជាតិសាសន៍ចំពោះជនជាតិភាគតិច គឺជាជំងឺសង្គមមួយនៅសហរដ្ឋអាមេរិក អ្វីដែលបានកើតឡើងម្តងទៀតឆ្លុះបញ្ចាំងថា មានបញ្ហាធ្ងន់ធ្ងរដែលគួរតែត្រូវដោះស្រាយជាបន្ទាន់ នោះគឺជាការរើសអើងជាតិសាសន៍ និងការអនុវត្តច្បាប់ដោយអំពើហិង្សារបស់ប៉ូលិស"។

លោក Zhao បាននិយាយថា "យើងសង្ឃឹមថា រដ្ឋាភិបាលអាមេរិកនឹងចាត់វិធានការជាក់ស្តែងដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងជាតិសាសន៍ ដើម្បីលើកស្ទួយសិទ្ធិស្របច្បាប់របស់ជនជាតិភាគតិច"។

ជាការឆ្លើយតបទៅនឹងសំណួរអំពីការអះអាងរបស់មន្រ្តីអាមេរិក ដែលបញ្ជាក់ថាមានការជ្រៀតជ្រែកពីបរទេសរួមទាំងប្រទេសចិនក្នុងការតវ៉ានាពេលបច្ចុប្បន្នលោក Zhao បាននិយាយថា "សុន្ទរកថាដោយ (ទីប្រឹក្សាសន្តិសុខជាតិអាមេរិក) លោក Robert O’Brien និងមន្រ្តីសហរដ្ឋអាមេរិកដទៃទៀតគឺគ្មានមូលដ្ឋានទេ។ ប្រទេសចិនមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាទាំងអស់"។ លោក Zhao បានបន្ថែមទៀតថា លោកសង្ឃឹមថា "អ្នកនយោបាយអាមេរិកអាចគិតពីរឿងផ្ទាល់ខ្លួនរបស់ពួកគេ"។

ជាប្រពៃណី ទីក្រុងប៉េកាំងបានបង្ហាញការរើសអើងជាតិសាសន៍ថាជាបញ្ហារបស់លោកខាងលិច។ ប៉ុន្តែប្រទេសចិនបានរងការរិះគន់យ៉ាងខ្លាំងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពោះការប្រព្រឹត្តរបស់ខ្លួនទៅលើជនជាតិអាហ្វ្រិកនៅក្នុងប្រទេសនេះ។

កាលពីខែមុន ជនជាតិអាហ្វ្រិកជាច្រើនក្លាយជាមុខសញ្ញាធ្វើតេស្តរកវីរុសកូរ៉ូណាដោយបង្ខំ និងបង្ខាំងឱ្យដាច់ដោយឡែកតាមអំពើចិត្តរបស់អាជ្ញាធរចិនរយៈពេល ១៤ថ្ងៃនៅក្នុងទីក្រុងក្វាងចូវ ប្រទេសចិនភាគខាងត្បូង ដោយមិនគិតពីប្រវត្តិធ្វើដំណើរថ្មីៗរបស់ពួកគេ ហើយត្រូវបានទុកឱ្យរស់នៅដោយគ្មានផ្ទះសម្បែង បន្ទាប់ពីត្រូវបានបណ្តេញចេញដោយម្ចាស់ផ្ទះ និងត្រូវបានបដិសេធដោយសណ្ឋាគារក្រោមវិធានការទប់ស្កាត់មេរោគផ្សេងៗ។

ឧបទ្ទវហេតុនេះបានបណ្តាលឱ្យមានការបែកបាក់នៅក្នុងទំនាក់ទំនងចិន និង អាហ្វ្រិក ដែលមានក្រសួងការបរទេសនៃបណ្តាប្រទេសអាហ្វ្រិកជាច្រើន និងសូម្បីតែសហភាពអាហ្វ្រិកក៏ទាមទារចម្លើយពីចិនដែរ៕

adverise with khmeread