adverise with khmeread Download %282%29

គ្រប់គ្នាស្រក់ទឹកភ្នែក ពេលឃើញប្រធានាធិបតីថ្មីមីយ៉ាន់ម៉ាស្បថចូលកាន់តំណែង

​    យោងតាមវេបសាយឆានែលញូវស៍អេស៊ា ​សមាជិក​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ទទួល​ជ័យជម្នះ​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី បាន​ស្រក់​ទឹកភ្នែក​នៅ​ថ្ងៃ​ពុធ​នេះ ខណៈដែល​មី​យ៉ាន់​ម៉ា​ប្រារព្ធ​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់​ប្រធានាធិបតី​ដំបូង​របស់ខ្លួន ដែល​ពុំមាន​ទំនាក់ទំនង​ជាមួយ​យោធា​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មកនេះ​។ 

​    ​លោក ធី​ន ច មិត្ត​ស្និទ្ធស្នាល និង​គួរឱ្យ​ទុកចិត្ត​របស់​ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​រូបនេះ (​ស៊ូ​ជី​) ត្រូវបាន​ជ្រើសរើស​ផ្ទាល់ដៃ​ដោយ​លោកស្រី​ស៊ូ​ជី ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ព្រោះ​រដ្ឋធម្មនុញ្ញ​ព្រាង​ដោយ​របប​យោធា​បាន​ហាមឃាត់​និមិត្តរូប​ប្រជាធិបតេយ្យ​រូបនេះ​មិនឱ្យ​កាន់តំណែង​កំពូល​នោះទេ​។ 

​    ​ក្នុង​សន្ទរកថា​ខ្លី​ទៅកាន់​សភា លោក​ធី​ន ច បានលើកឡើង​ជាថ្មី​ម្តងទៀត​អំពី​គោលជំហរ​របស់លោក​ស្រី​ស៊ូ​ជី​ស្តីពី​សារៈសំខាន់​នៃ​ការផ្លាស់ប្តូរ​ច្បាប់​ធម្មនុញ្ញ​ឆ្នាំ ២០០៨ ដែល​រក្សា​តំណែង​ដ៏​មាន​ឥទ្ធិពល​របស់​យោធា​នៅក្នុង​នយោបាយ និង បាន​អំពាវនាវ​ឱ្យមាន​ការផ្សះផ្សា​ជាតិ​។ 

​    ​សមាជិកសភា​បក្ស NLD មានការ​ក្តុកក្តួល​រំភើបចិត្ត​ជាខ្លាំង​ចំពោះ​ទំហំ​នៃ​ជ័យជម្នះ បន្ទាប់ពី​តស៊ូ​រាប់​ទសវត្សរ៍ ក្នុងនោះ​រាប់ទាំង​បណ្តា​ឆ្នាំ​ដែល​សមាជិក​បក្ស​ភាគច្រើន​ត្រូវបាន​ដាក់គុក ឬ ដូច​លោកស្រី​ស៊ូ​ជី​ខ្លួនឯង​ផ្ទាល់ ដែល​ត្រូវគេ​ឃុំឃាំង​នៅក្នុង​ផ្ទះ​។ 

​     សមាជិកសភា លោក ធី​រី យ៉ា​ដា​ណា អាយុ ២៨ ឆ្នាំ​បាន​និយាយថា "​ខ្ញុំ​គេង​មិន​លក់​ទេ​យប់មិញ​។ សម្តី​របស់​ប្រធានាធិបតី យូ ធី​ន ច របស់​យើង​គឺជា​អ្វីមួយ​ដែល​យើង​មិន​ធ្លាប់​បានឮ​ពីមុន​ឡើយ​នៅក្នុង​ប្រទេស​នេះ​។ គាត់​បាន​សន្យាថា គាត់​នឹង​ធ្វើការ​ដើម្បី​ប្រទេស​ជាមួយនឹង​ការគោរព​ចំពោះ​មេដឹកនាំ​របស់​យើង លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ វា​ជា​ជំហាន​ដ៏​ធំ​មួយ ហើយ​រឿងនេះ​កើតឡើង​ព្រោះ​គ្រប់គ្នា​បាន​ប្រឹងប្រែង​ឈ្មុសឈ្មុល​ទៅមុខ​ជាមួយគ្នា​"​។​

​    ​ទំនាក់ទំនង​រវាង​ក​ង​កម្លាំងប្រដាប់អាវុធ និង​លោកស្រី​ស៊ូ​ជី​នឹង​កំណត់​ភាពជោគជ័យ​នៃ​ការផ្តាច់​ចេញ​ដ៏​សំខាន់បំផុត​របស់​មី​យ៉ាន់​ម៉ា​ពី​ការគ្រប់គ្រង​ដោយ​យោធា ចាប់តាំងពី​យោធា​បាន​ក្តោប​ក្តាប់​អំណាច​ក្នុង​ឆ្នាំ ១៩៦២ មក​។ 

​    ​ស្លៀកពាក់​ក្នុង​ឈុត​ប្រពៃណី​មី​យ៉ាន់​ម៉ា​ពណ៌​ទឹកក្រូច លោក​ធី​ន ច​បាន​និយាយថា "​រដ្ឋាភិបាល​ថ្មី​របស់​យើង​នឹង​អនុវត្ត​ការផ្សះផ្សា​ជាតិ សន្តិភាព​ក្នុងប្រទេស ការលេចឡើង​នូវ​រដ្ឋធម្មនុញ្ញ​មួយ ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅរក​សហភាព​ប្រជាធិបតេយ្យ​មួយ និង ជំរុញ​កម្រិតជីវភាព​របស់​ប្រជាជន​"៕

ប្រភព៖ ឆានែលញូវស៍អេស៊ា

adverise with khmeread

មតិយោបល់