នារីវ័យក្មេងសញ្ជាតិអេស្ប៉ាញមានរន្ធពេញសួតទាំងអស់ក្រោយកើតកូវីដ១៩ ឥឡូវទទួលការវះកាត់ប្តូរសួតបានជោគជ័យ

គ្រូពេទ្យវះកាត់នៅទីក្រុង Chicago បានផ្តល់សួតថ្មីដល់ស្ត្រីវ័យក្មេងម្នាក់ ដែលមានការខូចសួតធ្ងន់ធ្ងរពីវីរុសកូរ៉ូណា។

មានតែអ្នករស់រានមានជីវិតពីកូវីដ១៩តិចតួចប៉ុណ្ណោះនៅក្នុងប្រទេសចិននិងអឺរ៉ុបបានទទួលការប្តូរសួត។

គ្រូពេទ្យនិយាយថាអ្នកជំងឺដែលជាស្ត្រីជនជាតិអេស្ប៉ាញវ័យខ្ទង់ ២០ឆ្នាំ មានសុខភាពល្អមុនពេលនាងឆ្លងវីរុសនេះ បើទោះជានាងបានប្រើថ្នាំដែលមានឥទ្ធិពលប្រឆាំងនឹងប្រព័ន្ធភាពស៊ាំសម្រាប់បញ្ហាសុខភាពបន្តិចបន្តួចក្នុងឆ្នាំមុនក៏ដោយ។

បន្ទាប់ពីនាងឈឺអស់រយៈពេលពីរសប្តាហ៍នាងត្រូវបានគេដាក់នៅលើម៉ាស៊ីនដកដង្ហើមនិងម៉ាស៊ីនជំនួយដល់សួតនៅថ្ងៃដែលនាងត្រូវបានអនុញ្ញាតឱ្យចូលព្យាបាល និងបានបន្តប្រើវាអស់រយៈពេលជិតពីរខែមុនពេលការវះកាត់របស់នាងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅមន្ទីរពេទ្យ Northwestern ។

លោកវេជ្ជបណ្ឌិត Ankit Bharat ដែលបានធ្វើការវះកាត់បាននិយាយថាការវះកាត់មានរយៈពេល ១០ ម៉ោងគឺពិបាកណាស់ ព្រោះវីរុសនេះបានធ្វើឱ្យសួតរបស់នាងមានសុទ្ធតែរន្ធពាសពេញសួត ហើយស្ទើរតែទម្លុះដល់ជញ្ជាំងទ្រូងទៅហើយ។

គ្រូពេទ្យបានទុកនាងនៅលើម៉ាស៊ីនទាំងពីរ ខណៈពេលដែលរាងកាយរបស់នាងកំពុងជាសះស្បើយបន្តិចម្តងៗ ប៉ុន្តែនិយាយថាឱកាសរបស់នាងសម្រាប់ជីវិតធម្មតាគឺល្អប្រសើរ។

បច្ចុប្បន្នស្ដ្រីវ័យក្មេងដែលមិនបញ្ចេញអត្តសញ្ញាណរូបនោះ មានសុខភាពល្អឡើងវិញ និងមានស្នាមញញឹមឡើងវិញបន្ទាប់ពីការវះកាត់ប្តូរសួតរួច៕

adverise with khmeread