adverise with khmeread C98d618e 739b 49e6 a162 14ba808f1e78

Range Rover ​បង្ក​គ្រោះថ្នាក់​បើក​រត់​រហូត​ដាច់​កង់​ទើប​ឈប់​

       ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​សេរី​ទំនើប​ម៉ាក ​Range Rove  ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បួង​ចង្កូត​បុក​របង​ការដ្ឋាន​សំណង់​អាគារ​៤២​ជាន់ និង​ជ្រុល​ទៅបុក​ដើមឈើ​បាក់​ត្រឹម​អស់​១​ដើម ហើយ​រថយន្ត​មិន​ព្រម​ឈប់​បាន​ព្យាយាម​បើក​រត់លឿន​ដូច​ហោះ​ទាំង​បែក​កង់​មុខ ពេលទៅដល់​ចំណុច​ក្បែរ​ភោជនីយដ្ឋាន​គោ​ក្រហម ខាងត្បូង​វិមានឯករាជ្យ​ដាច់​កង់​ទើប​ឈប់។​

       ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បង្ក​ការភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល​ពាសពេញ​ផ្លូវ​។​

       ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប ម៉ាក​ Range Rover ​ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-8388 បើកបរ​ដោយ​បុរស​ម្នាក់ និង​មាន​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន។​

       ពេលមកដល់​ចំណុច​ស្តុ​ប​ពេទ្យ​ចិន​បាន​បត់​ស្តាំ​ទាំង​មិន​បង្អង់​ល្បឿន បួង​ចង្កូត​មិនទាន់​បុក​ជញ្ជាំង​ស័ង្កសី​ការដ្ឋាន​សំណង់​អាគារ​៤២​ជាន់ និង​បន្ត​បុក​ដើមឈើ​មួយ​ដើម​ទៀត​រលើង​គល់​បាក់​១​ដើម​។​

      ប្រភព​បន្តថា បន្ទាប់ពី​បង្កហេតុ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ​បំណង​បើក​គេ​ទាំង​បែក​កង់​មុខ រហូតដល់​មុខ​ភោជនីយដ្ឋាន​គោ​ក្រហម​ហើយ​ច្រឡំ​ផ្លូវ​ទាល់ ហើយ​ម្យ៉ាងវិញទៀត​រថយន្ត​ដាច់​កង់​អស់ ទើប​បើក​ទៅមុខ​លែងរួច ត្រូវបាន​សមត្ថកិច្ច​ឃាត់​ជាប់​តែម្តង​។​

       ភ្លាម​នោះគេ​ឃើញ​មាន​អ្នកបើករថយន្ត​ស​ឋ៊េ​រី​ទំនើប​ជាច្រើន​គ្រឿង​បានមក​អន្តរាគមន៍​បំណង​រំដោះ​ជនបង្ក​យកទៅ តែ​ត្រូវ​សមត្ថកិច្ច​រារាំង​និង​បាន​ប្រទាញប្រទង់​គ្នា​ទៅវិញទៅមក​ដោយ​មិន​ឲ្យ​ជន​បង្កឡើង​រថយន្ត​ឡើយ​។​

       ក្រោយមក​សមត្ថកិច្ច​ជាច្រើន​នាក់​បានមក​នាំ​បុរស​បើករថយន្ត​បង្ក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេបាសាក់​ដើម្បី​ឲ្យ​ជំនាញ​មក​យកទៅ​ចរាចរណ៍​ក្រុង​ចាត់ការ​តាមផ្លូវ​ច្បាប់។ ចំណែក​រថយន្ត​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់