មេក្ងានឈឺចិត្តរហូតដល់ស្លាប់ ក្រោយក្មេងទំនើងមួយហ្វូងគប់បំបែកពងមិនទាន់ញាស់របស់វា

មេក្ងានមួយក្បាលបានងាប់ដោយសារ "ខូចចិត្ត" បន្ទាប់ពីហ្វូងក្មេងគ្មានបេះដូងមួយក្រុមបានគប់បំបែកពងរបស់វាដោយដុំឥដ្ឋ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២១មិថុនា។

ក្មេងប្រុសជំទង់មួយក្រុមបានសម្លាប់កូនក្ងានមួយមិនទាន់ញាស់ បន្ទាប់ពីចោលដុំថ្ម និងដុំឥដ្ឋទៅលើពួកវាកាលពីខែមុនក្នុងសង្កាត់ Bolton ទីក្រុង Manchester។

យោងតាមប្រភពព័ត៌មាន Manchester Evening News បានរាយការណ៍ថា មេក្ងានត្រូវបានគេប្រទះឃើញងាប់នៅដើមសប្តាហ៍នេះ ពោលគឺមុនមិនយូរប៉ុន្មាន បន្ទាប់ពីបារបស់កូនក្ងានបានបាត់ខ្លួន។

ក្មេងទំនើងទាំងនោះត្រូវបានគេប្រទះឃើញកំពុងចោលដុំថ្ម និងឥដ្ឋទៅលើសំបុកក្ងាននៅមាត់ប្រឡាយ Manchester Canal កាលពីថ្ងៃទី២០ ខែឧសភា។

សាក្សីបាននិយាយថា ក្មេងទាំងនេះបានតម្រង់គោលដៅទៅលើសំបុកក្ងាន ហើយពងបីក្នុងចំណោមប្រាំមួយបានបែក។ 

សកម្មជនការពារសត្វព្រៃ ដែលកំពុងឃ្លាំមើលសត្វក្ងានមួយនេះបាននិយាយថា ពងជាច្រើនទៀតត្រូវបានបាត់នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនៅសល់តែពងមួយប៉ុណ្ណោះនៅរស់។

ពួកគេបានបន្ថែមទៀតថា មេក្ងានឈ្មោលបានហែលទឹកចេញឆ្ងាយពីសំបុកដោយសារស្រ្តេសកាលពីពីរសប្តាហ៍មុន ហើយមិនឃើញត្រឡប់មកវិញតាំងពីពេលនោះ។

មេក្ងានញីត្រូវបានយាយីដោយមេមាន់ ទា និងឆ្កែ​ ចាប់តាំងពីពងមិនទាន់ញាស់របស់វា ត្រូវបានវាយប្រហារជាលើកដំបូង។ 

ក្រុមសកម្មជនដែលមានការសោកសៅជាខ្លាំងបានប្រទះឃើញមេក្ងានញីមួយក្បាលនេះបានងាប់នៅក្នុងសំបុករបស់វា កាលពីដើមសប្តាហ៍មុន។

សកម្មជនសត្វព្រៃលោក Sam Woodrow បាននិយាយថា "គ្មានអ្វីច្រើនដែលខ្ញុំអាចនិយាយបានទេ។ វាប្រហែលជាស្លាប់ដោយសារខូចចិត្ត ព្រោះវាមានដៃគូជីវិត ហើយមេឈ្មោលនោះបានចាកចេញឆ្ងាយដោយសារស្រ្តេស"។

យោងទៅតាមសមាគមន៍ Swan Lifeline គេល្បីយូរហើយថាមេក្ងាននឹងងាប់ដោយខូចចិត្តព្រោះបាត់បង់ដៃគូ ព្រោះក្ងានស្រឡាញ់គ្នាអស់មួយជីវិត៕

adverise with khmeread

អ្នកនឹងចូលចិត្ត