ក្រុមហ៊ុនផលិតរថយន្តប្រណីត Aston Martin ផលិតម៉ូតូលើកដំបូងរហស្សនាម "ម៉ូតូ Rolls-Royce" បើកក្នុងល្បឿន២៩៩គីឡូម៉ែត្រក្នុងមួយម៉ោងនិងលក់ក្នុងតម្លៃ ១២៥.០០០ ដុល្លារ

ម៉ូតូដំបូងរបស់ក្រុមហ៊ុនផលិតរថយន្តប្រណីតអង់គ្លេស Aston Martin ដែលគេរំពឹងថា មានតម្លៃប្រហែល ១២៥.០០០ ដុល្លារនិងមានល្បឿនរហូតដល់ ជាង២៩៩គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេផ្តិតរូបភាពក្នុងពេលធ្វើការសាកល្បង។

ដោយបានសាកល្បងជាលើកដំបូងនៅលើផ្លូវប្រណាំងក្នុងប្រទេសបារាំង កំពូលម៉ូតូដ៏ទំនើបសម្រាប់បើកលើតែលើផ្លូវប្រណាំងម៉ាក AMB 001 ដែលមានការរចនាម៉ូតយ៉ាងហ្មត់ចត់មួយនេះ គឺត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុនផលិតរថយន្តទំនើបរបស់អង់គ្លេស​ Aston Martin និងក្រុមហ៊ុនផលិតម៉ូតូធំៗ Brough Superior ដែលគេដាក់រហស្សនាមឱ្យវាថា "ម៉ូតូ Rolls-Royce"។ 

ជាមួយនឹងតម្លៃ ១២៥.០០០ ដុល្លារនៅក្នុងចក្រភពអង់គ្លេស ដែលរាប់បញ្ចូលទាំងពន្ធអាករលើតម្លៃបន្ថែម ម៉ូតូ AMB 001 ទាំងអស់ គឺត្រូវបានតម្លើងនៅក្នុងរោងចក្រ Brough Superior ក្នុងទីក្រុង Toulouse ប្រទេសបារាំង ជាមួយនឹងការចែកចាយលើកដំបូងពីរដូវស្លឹកឈើជ្រុះឆ្នាំនេះក្នុងប្រទេសអង់គ្លេស។ ម៉ូតូសម្រាប់អ្នកសម្បូរលុយនេះផលិតឡើងដោយផ្អែកលើទស្សនៈនៃភាពឆើតឆាយ ភាពស្រស់ស្អាត និងអំណាច៕

adverise with khmeread