កូវីដ១៩នាំឱ្យមនុស្សលេងហ្គេមនៅផ្ទះ រហូតកើតមហាសេដ្ឋីព្រោងព្រាតនៅចិន សូម្បីជែកម៉ាក៏ខ្ទាតចេញចំណាត់ថ្នាក់កំពូល

ការកើនឡើងប្រាក់ចំណូលចំនួន ៤០ ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Tencent Holdings នៅសប្តាហ៍នេះនិងការងើបឡើងថ្មីៗនៃក្រុមហ៊ុន Pinduoduo Inc បានរុះរើចំណាត់ថ្នាក់អ្នកមានបំផុតរបស់ចិន។

ក្រុមហ៊ុនផលិតហ្គេមធំជាងគេរបស់ប្រទេសនេះបានវ៉ាដាច់ក្រុមហ៊ុន Alibaba Group Holding ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតនៅអាស៊ីដោយភាគហ៊ុនរបស់ខ្លួនបានកើនឡើងលើសពី ៥០០ ដុល្លារហុងកុងក្នុងមួយសន្លឹកហ៊ុន (៦៤,៥១ ដុល្លារ) នៅក្នុងការជួញដូរកាលពីថ្ងៃពុធ ទី២៤ មិថុនា ជាលើកដំបូង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Pinduoduo ដែលជាកម្មវិធីទូរស័ព្ទសម្រាប់ទិញអីវ៉ាន់ដូចក្រុមហ៊ុន Groupon ដែលគេស្គាល់ដែរថា PDD បានកើនឡើងជាងទ្វេដងនៅឆ្នាំនេះ។

ការកើនឡើងទាំងនេះបានជួយជំរុញទ្រព្យសម្បត្តិរបស់ស្ថាបនិករបស់ក្រុមហ៊ុនទាំងនោះ។ លោក Pony Ma ប្រធានក្រុមហ៊ុន Tencent ដែលមានទ្រព្យសម្បត្តិ ៥០ ពាន់លានដុល្លារ បានវ៉ាឈ្នះលោកជែក ម៉ា ដែលមានទ្រព្យសម្បត្តិ ៤៨ ពាន់លានដុល្លារដើម្បីក្លាយជាអ្នកមានបំផុតរបស់ចិន។ ហើយលោក Colin Huang ប្រធានក្រុមហ៊ុន PDD ដែលមានទ្រព្យសម្បត្តិសរុបចំនួន ៤៣ ពាន់លានដុល្លារ បានដណ្តើមចំណាត់ថ្នាក់លេខ៣ពីមហាសេដ្ឋីអចលនទ្រព្យលោក Hui Ka Yan មកពីក្រុមហ៊ុន China Evergrande Group កាលពីដើមឆ្នាំនេះ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។

ជំងឺរាតត្បាតកូវីដ១៩បានបង្កើនល្បឿននៃការធ្វើឌីជីថលវូបនីយកម្មកន្លែងធ្វើការនិងផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់ ដោយបង្កើនភាគហ៊ុនរបស់ក្រុមហ៊ុនអ៊ីនធឺណេតជាច្រើន។ ឥឡូវមហាសេដ្ឋីបច្ចេកវិជ្ជាជាច្រើនរូបកំពុងគ្របដណ្តប់លើតារាងចំណាត់ថ្នាក់អ្នកមានបំផុតរបស់ចិន។ ពួកគេបានកាន់កាប់ចំណាត់កំពូលចំនួន ៤ ក្នុងចំណោម ៥៕ ប្រភព៖បរទេស

adverise with khmeread