សំណាងមនុស្សមើលមិនឃើញ! អ្នករាវរ៉ែតង់ហ្សានីម្នាក់ក្លាយជាសេដ្ឋីលុយលានតែមួយប៉ព្រិចភ្នែក ក្រោយរកឃើញត្បូងកម្រ២ដុំធំៗ

អ្នករុករករ៉ែជាលក្ខណៈគ្រួសារម្នាក់នៅប្រទេសតង់ហ្សានី បានក្លាយជាសេដ្ឋីតែមួយប៉ព្រិចភ្នែក បន្ទាប់ពីលក់ត្បូង Tanzanite ចំនួនពីរដុំ ដែលជាការរកឃើញធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសមួយនេះ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃទី២៤មិថុនា។

លោក Saniniu Laizer រកចំណូលបាន ៣,៤ លានដុល្លារពីក្រសួងរ៉ែរបស់ប្រទេសនេះសម្រាប់ត្បូងដែលមានទម្ងន់សរុប ១៥គីឡូក្រាម។

លោក Laizer ជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា "នឹងមានពិធីជប់លៀងដ៏ធំមួយនៅថ្ងៃស្អែក"។

ត្បូង Tanzanite ត្រូវបានគេរកឃើញតែនៅភាគខាងជើងនៃប្រទេសតង់ហ្សានីប៉ុណ្ណោះ ហើយត្រូវបានប្រើសម្រាប់ធ្វើគ្រឿងអលង្ការ។

វាគឺជាត្បូងដ៏កម្របំផុតមួយនៅលើផែនដី ហើយភូគព្ភវិទូក្នុងស្រុកម្នាក់ប៉ាន់ប្រមាណថា ការផ្គត់ផ្គង់របស់វាអាចត្រូវបានបំផ្លាញទាំងស្រុងក្នុងរយៈពេល ២០ឆ្នាំខាងមុខ។

ភាពទាក់ទាញរបស់ត្បូងដ៏មានតម្លៃនេះគឺផ្អែកទៅលើពណ៌លាំៗជាច្រើនប្រភេទរបស់វា ក្នុងនោះរួមមានពណ៌បៃតង ពណ៌ក្រហម ស្វាយ និងខៀវ។ តម្លៃរបស់វាត្រូវបានកំណត់ដោយភាពកម្រមាន ពណ៌កាន់តែល្អ ឬច្បាស់ តម្លៃកាន់តែខ្ពស់៕

 

adverise with khmeread