វិធីធ្វើទឹកទំពាំងបាយជូរងាយៗដោយខ្លួនឯង ដើម្បីទាញប្រយោជន៍របស់វាមករក្សាសុខភាពបេះដូងនិងការចងចាំរបស់យើងឱ្យបានល្អ

ការសិក្សាជាច្រើនបានផ្សារភ្ជាប់ការផឹកស្រាទំពាំងបាយជូរទៅនឹងការទប់ស្កាត់ជំងឺបេះដូង និង ជំងឺដទៃទៀត ប៉ុន្តែទឹកទំពាំងបាយជូរសុទ្ធក៏ផ្តល់អត្ថប្រយោជន៍ដូចស្រាទំពាំងបាយជូរដែរ។ 

រឹតតែល្អជាងនេះទៀតនោះគឺថាទឹកទំពាំងបាយជូរអាចញ៉ាំបានទាំងចំពោះកុមារនិងមនុស្សចាស់ ដែលខុសពីស្រាទំពាំងបាយជូរ ដែលញ៉ាំបានតែមនុស្សធំ។  

អត្ថប្រយោជន៍របស់ទំពាំងបាយជូរមានដូចជា ៖ ១. ផ្ទុកសារធាតុអង់ទីអុកស៊ីដង់សម្រាប់ជំរុញប្រព័ន្ធភាពស៊ាំ ២. ផ្ទុកសារធាតុ Flavonoids ល្អសម្រាប់បេះដូង ៣. ផ្ទុកសារធាតុគីមីធម្មជាតិហៅថា Ployphenols សម្រាប់ជំរុញមុខងារខួរក្បាលនិងការចងចាំ ៤. ផ្ទុកសារធាតុប៉ូតាស្យូមសម្រាប់បន្ថយសម្ពាធឈាម និង ៥. ផ្ទុកសារធាតុ Reservatrol សម្រាប់ទប់ស្កាត់ជំងឺមហារីក។ 

រូបមន្តធ្វើទឹកទំពាំងបាយជូរដោយខ្លួនឯង ៖ 
គ្រឿងផ្សំ
- ទំពាំងបាយជូរ២ចានចង្កឹះ (ដកគ្រាប់ចេញអស់)
- ទឹកឆ្អិនកន្លះចានចង្កឹះ 
- ទឹកក្រូចឆ្មា ២ ស្លាបព្រាកាហ្វេ
- អំបិល១ចឹប
- ស្ករសខ្លះៗ
- ទឹកកកអនាម័យ

របៀបធ្វើ៖
១. លាងទំពាំងបាយជូរឱ្យស្អាតជាមួយទឹកត្រជាក់ និងសម្រឹតទឹកឱ្យអស់។
២. ដាក់ទឹកឆ្អិន ទំពាំបាយជូរ និងស្ករសចូលម៉ាស៊ីនក្រឡុក។ រួចក្រឡុករហូតដល់ខាប់ល្អ ពេញចិត្ត។
៣. ច្រោះយកទឹកទំពាំងបាយជូរសុទ្ធ ហើយកាកបោះចោល។
៤. ដាក់អំបិលនិងទឹកក្រូចឆ្មា ហើយកូរឱ្យសព្វ។
៥. កាយពពុះសៗចេញឱ្យអស់។
៦. ដាក់ទឹកកកចូល រួចផឹកទាំងត្រជាក់ៗ ជាការស្រេច៕

adverise with khmeread