ក្រុមអ្នកគាំទ្រក្រុម Liverpool ដុតកាំជ្រួចអបអរការលើកពាន EPL

        ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប Liverpool បានបង្កើតភ្លើងកំជ្រូច​នៅ​អគារ​ Liver Building​ ដើម្បី​អបអរជ័យជម្នះ​ពានជើងឯក​របស់​ក្រុម Liverpool បានបន្ត​មក​ដល់​យប់ថ្ងៃទី​២​ បើទោះបីជា​មាន​ការ​អង្វរពីអភិបាល​ក្រុង​ឲ្យពួកគេ​វិលត្រឡប់​ផ្ទះ​ដោយបារម្ភ​ពី​វីរុស​កូរ៉ូណា។

        គេឃើញ​ពន្លឺ​ភ្លើង​ចេញពី​រានហាលនៃអគារ​ប្រវត្តិសាស្ត្រនេះ​នៅមុន​ម៉ោង​១១​យប់នៅ​ថ្ងៃសុក្រ។ គេមិនទាន់​ដឹងពីមូលហេតុ​នៃការផ្ទុះចេញអណ្តាតភ្លើងនេះទេ ប៉ុន្តែ​គេឃើញ​កាំជ្រួច​ហោះចេញពី​ផ្នែកខាងមុ​ខនៃអាគារនេះ​។

        នៅពេលនេះ ប៉ូលិស​បានចេញបទបញ្ជាឲ្យបំបែក​ការ​ប្រមូល​ផ្តុំនៅទូទាំង​ក្រុង​។ ក្រុម​សង្គ្រោះនិងពន្លត់អគ្គិភ័យបាន​និយាយថា “​មានការ​ជូនដំណឹង​ពី​អគ្គិភ័យទ្រង់ទ្រាយ​តូច​។ ក្រុម​ពន្លត់អគ្គិភ័យបាន​ដោះស្រាយ​ជាមួយនឹង​ឧប្បត្តិហេតុ​នេះ​ហើយ​អគ្គិភ័យបាន​រលត់ហើយដែរ”។

ក្រុមហង្សក្រហម​ ​Liverpool ដែលត្រូវ​រង់ចាំ​រយៈ​ពេល​បីខែ​សម្រាប់ការគ្រងតំណែងជើងឯកនេះ​ចំពេលមាន​ការរីករាលដាលវីរុស​កូរ៉ូណា​នោះ បាន​ក្លាយ​ជា​ជើងឯក​កាល​ពី​ថ្ងៃព្រហស្បតិ៍ បន្តាប់ពី​ក្រុម​ Man City ​បរាជ័យមិន​បាន​យក​ឈ្នះ​ក្រុម​​ Chelsea ។

ទោះបីជា​ពីរយប់ជាប់គ្នា​ហើយ​ដែល​ក្រុម​អ្នក​គាំទ្រ Liverpool ​បាន​ធ្វើដំណើរ​យ៉ាងភ្លូកទឹកភ្លូកដី​ចូល​មក​ទីប្រជុំជនក្រុង ដោយ​មាន​ការដុតកាំជ្រួច​ភ្លើង ស្រែក​ច្រៀងនិង​អបអរការលើកពាន EPL​ ដោយមិនបាន​គិត​ដល់វិធានការគម្លាតសង្គមឡើយ។

ជាការឆ្លើយ​តប​ អភិបាលក្រុង Liverpool លោក Joe Anderson បានទទូច​ឲ្យ​ប្រពលរដ្ឋចាកចេញពីតំបន់នោះ ដោយសារតែ​មិនទាន់​មានសុវត្តិភាព​ ហើយ​ថា ក្រុងនេះបានបាត់បង់មនុស្ស​ច្រើន​ពេកហើយ​ដោយសារតែវីរុស​នេះ។ លោកព្រមានថា អាចនឹង​មាន​បម្រាម​គោចរ ជាផ្នែកនៃការ​ទប់ស្កាត់​ឥរិយាបថល្មើសនឹងវិធានការណ៍គម្លាតសង្គម៕

adverise with khmeread