ក្រុមបាល់ទាត់មហាហង្ស យកឈ្នះការប្រកួត ក្រុមនាយ ពែកមី

    ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ក្រុមបាល់ទាត់តារារបស់ពែកមី និង ក្រុមបាល់ទាត់ដែលចម្រុះដោយតារាៗ របស់ផលិតកម្មមហាហង្ស បានប៉ះគ្នាជាលើកដំបូង ដោយបញ្ចប់ការប្រកួត ក្រុមពែកមី ដែលជាក្រុមបង្កើតមុន និង ល្បីឈ្មោះជាយូរមកហើយ ក្លាយជាអ្នកចាញ់យ៉ាងអាម៉ាស់ នៅក្នុងតារាង របស់វិទ្យាល័យឥន្ទ្រទេវី។ 

    ដ្បិតតែជាតារា តែក្នុងវិស័យបាល់ទាត់ពាក់កណ្ដាលអាជីព ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទៅជាមានព័ត៌មានថាក្រុមលោកពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុន។ 

    យោងតាមការបង្ហោះរបស់លោក ពែកមី បានបង្ហោះថា "ថ្ងៃនេះចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត"។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។ លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់៕ 

adverise with khmeread