ក្រុមសហគមន៍ចាប៉ីអមតៈចុះធ្វើបទបង្ហាញ និងបង្រៀនចាប៉ីដងវែងដល់កុមារ និងយុវជន

ភ្នំពេញ ៖ ក្រុមសហគមន៍ចាប៉ីអមតៈ ដែលដឹកនាំដោយលោក ពេជ សារ៉ាត ជាប្រធានសហគមន៍ និងដោយទទួលបាននូវការឧបត្ថម្ភគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសប្បុរសជននានា បានរៀបចំកម្មវិធីចុះធ្វើបទបង្ហាញចាប៉ីដងវែង ទៅដល់កុមារនិងយុវជនទូទៅនៅក្នុងបរិវេណវត្តនាគវ័ន្តរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

លោក ពេជ សារ៉ាត មានប្រសាសន៍ថា កម្មវិធីនេះបានបង្ហាញទៅដល់អ្នកដែលបានចូលរួម ឱ្យបានស្គាល់ពីទម្រង់ចាប៉ីដងវែង  សណ្ឋាននិងធាតុផ្សំនៃឧបករណ៍ចាប៉ីដងវែង ការប្រើប្រាស់ចាប៉ីដងវែង នៅក្នុងទម្រង់សិល្បៈចំនួន៤ ដូចជាទម្រង់ចម្រៀងចាប៉ីដងវែង ,វង់ភ្លេងការបុរាណ ,វង់ភ្លេងអារក្ស និងវង់ភ្លេងមហោរី។ 

លោក ពេជ សារ៉ាត បន្តថា ក្រៅពីនេះ សិក្ខាកាមចូលរួមទាំងអស់បានហាត់រៀនពីលំហាត់ដៃ ដែលជាមូលដ្ឋានគ្រឹះនៃការសិក្សាចាប៉ីដងវែង ដែលបានបង្ហាត់ដោយគ្រូបង្គោល ដោយប្រើប្រាស់ចាប៉ីដងវែងសរុបចំនួន១១ដើម។ បន្ទាប់មកអ្នកចូលរួមក៏បានស្តាប់កម្សាន្តការច្រៀងចាប៉ីដងវែងជាទោលពីការណែនាំការបង្ការខ្លួនពីជំងឺ Covid-19 និងការលេងបទប្រជាប្រិយជាក្រុម។ 

ក្រោយពីបញ្ចប់កម្មវិធីសិក្ខាកាមចូលរួមទាំងអស់មានភាពសប្បាយរីករាយ ដោយបានទទួលចំណេះដឹងថ្មីពីទម្រង់សិល្បៈចាប៉ីដងវែង និងបានស្នើដល់សហគមន៍ចាប៉ីអមតៈឱ្យបន្តអនុវត្តនូវគម្រោងនេះឱ្យបានជាប់ជាប្រចាំនិងច្រើនដង ដើម្បីឱ្យកុមារនិងយុវជនដទៃទៀតបានស្គាល់ និងបានឃើញផ្ទាល់ពីទម្រង់សិល្បៈមួយនេះ។ 

សិក្ខាកាមមួយរូបបានលើកឡើងថា «នេះជាលើកទីមួយរបស់ខ្ញុំហើយដែលបានកាន់ចាប៉ីកេះផ្ទាល់ ហើយខ្ញុំមិនដែលដឹងសោះថា ចាប៉ីអាចលេងបទប្រជាប្រិយសប្បាយៗបាន ខ្ញុំធ្លាប់តែឃើញគេច្រៀងម្នាក់ឯង ឬឆ្លើយឆ្លងគ្នា អញ្ចឹងហើយកាន់តែធ្វើឱ្យខ្ញុំចង់រៀនចាប៉ីកាន់តែខ្លាំងហើយ»។

សហគមន៍ចាប៉ីអមតៈ ក៏បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលតែងតែយកចិត្តទុកដាក់ជាប់ជានិច្ចលើទម្រង់សិល្បៈចាប៉ីដងវែង ក៏ដូចជាទម្រង់សិល្បៈទូទៅ ហើយក៏ថ្លែងអំណរគុណដល់សប្បុរសជនទូទៅដែលបានរួមចំណែកវិភាគទានជាថវិកានិងសម្ភារៈផ្សេងៗដើម្បីគាំទ្រដល់សកម្មភាពផ្សេងរបស់សហគមន៍ចាប៉ីអមតៈ ។ ជាពិសេសសិក្ខាកាមចូលរួម ដែលទាំងអស់នេះសុទ្ធតែបានបង្ហាញពីឆន្ទៈ និងស្មារតីក្នុងការរួមចំណែកថែរក្សានូវសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ។

គួរបញ្ជាក់ផងដែរថា ការចូលរួមកម្មវិធីខាងនេះក៏បានអនុវត្តនូវវិធានការការពារសុខភាព ដោយមានការស្ទង់កម្ដៅអ្នកចូលរួមទាំងអស់ ការពាក់ម៉ាស និងការប្រើប្រាស់អាល់កុល ឬជែលលាងសម្អាតដៃផងដែរ៕

adverise with khmeread