ក្រុមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ២ ឈុតធំកំពុងធ្វើសមយុទ្ធនៅសមុទ្រហ្វីលីពីន

ក្រុមនាវាផ្ទុកយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿងកំពុងធ្វើប្រតិបត្តិការទ្វេដងនៅក្នុងសមុទ្រហ្វីលីពីនក្នុងការបង្ហាញពីសមត្ថភាពរបស់អាមេរិកក្នុងការពង្រាយកងកម្លាំងច្រើនសន្ធឹកសន្ធាប់បានយ៉ាងឆាប់រហ័សក្នុងការគាំទ្រដល់សម្ព័ន្ធមិត្ត ដែលជាប់ផុងនៅក្នុងជម្លោះជាមួយចិន។

កងនាវាទី៧របស់អាមេរិកដែលទទួលខុសត្រូវលើប្រតិបត្តិការនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នាវានិងយន្ដហោះចម្បាំង ដែលត្រូវបានចាត់ឱ្យចូលរួមក្រុមនាវាផ្ទុកយន្តហោះ Nimimitz និង Ronald Reagan បានចាប់ផ្តើមធ្វើសមយុទ្ធកាលពីថ្ងៃអាទិត្យទី២៨មិថុនា។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី២៩ មិថុនា។

ឧត្តមនាវីឯក George Wikoff ជាមេបញ្ជាការក្រុមវាយប្រហារទី៥ បាននិយាយថា "ប្រតិបត្តិការនាវាផ្ទុកយន្តហោះទ្វេនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធមិត្តក្នុងតំបន់...និងការត្រៀមខ្លួនរបស់យើងដើម្បីប្រឈមជាមួយអ្នកដែលប្រឆាំងនឹងបទដ្ឋានអន្តរជាតិ"។

លោក George និយាយថា "កងទ័ពជើងទឹកអាមេរិកធ្វើប្រតិបត្តិការជាក្រុមប្រយុទ្ធចម្រុះរួមគ្នាជាទៀងទាត់ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានលក្ខណៈបើកទូលាយនិងសេរី និងជំរុញលើកកម្ពស់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិដែលប្រទេសនីមួយៗអាចបំពេញនូវសក្តានុពលរបស់ខ្លួនដោយមិនបាត់បង់អធិបតេយ្យភាពជាតិ"។

ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍បានចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំបំផុតមួយ ដែលមិនធ្លាប់មានពីមុនមករបស់ពួកគេ ប្រឆាំងនឹងការអះអាងកាន់កាប់របស់ចិនចំពោះដែនទឹកវិវាទទាំងមូល។ ក្រុមមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានប្រកាន់ជំហរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយវៀតណាមកាលពីថ្ងៃសៅរ៍ ក្នុងនាមប្លុកអាស៊ានទាំង ១០ ។

សេចក្តីថ្លែងការណ៍អាស៊ានបានលើកឡើងថា "យើងបានបញ្ជាក់ជាថ្មីថា UNCLOS ឆ្នាំ១៩៨២ គឺជាមូលដ្ឋានសម្រាប់កំណត់សិទ្ធិដែនសមុទ្រ សិទ្ធិអធិបតេយ្យ យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់លើតំបន់សមុទ្រ"។

ក្រុមមេដឹកនាំទាំងនោះចង់សំដៅទៅលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលកំណត់សិទ្ធិរបស់ប្រជាជាតិនីមួយៗចំពោះមហាសមុទ្រពិភពលោកនិងកំណត់ព្រំដែនតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលរដ្ឋតាមឆ្នេរសមុទ្រត្រូវបានផ្តល់សិទ្ធិក្នុងការទាញយកធនធានជលផលនិងប្រេងឥន្ធនៈ៕

adverise with khmeread