ខ្មាន់កាំភ្លើងវាយប្រហារផ្សារហ៊ុនប៉ាគីស្ថាន ស្លាប់ ៦ នាក់

ខ្មាន់កាំភ្លើង ៤ នាក់បានវាយប្រហារអគារផ្សារហ៊ុនប៉ាគីស្ថាននៅទីក្រុងការ៉ាជីនៅថ្ងៃចន្ទទី២៩ មិថុនានេះ ប៉ុន្តែកម្លាំងសន្តិសុខបានសម្លាប់ពួកគេចោលទាំងអស់។ នេះយោងតាមសារព័ត៌មានសិង្ហបុរី CNA សរសេរនៅថ្ងៃចន្ទនេះ។

លោក Ghulam Nabi Memon មេប៉ូលិសនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសប៉ាគីស្ថាន និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបាននិយាយថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារអគារនេះដែលស្ថិតនៅក្នុងតំបន់សន្តិសុខខ្ពស់ដែលមានការិយាល័យកណ្តាលរបស់ធនាគារឯកជនជាច្រើនដោយមានគ្រាប់បែកដៃនិងកាំភ្លើង។

លោក Memon បានប្រាប់រ៉យទ័រថា "ពួកវាយប្រហារ ៤ នាក់ត្រូវបានសម្លាប់ ពួកគេបានចូលមកតាមរថយន្តកូរ៉ូឡាពណ៌ទឹកប្រាក់មួយគ្រឿង"។

ពួកខ្មាន់កាំភ្លើងបានគប់គ្រាប់បែកដៃដាក់សន្តិសុខដែលឈរយាមនៅខាងក្រៅបរិវេណផ្សារហ៊ុននោះ បន្ទាប់មកក៏បើកការបាញ់ប្រហារទៅលើកន្លែងសន្តិសុខ។ ពួកខ្មាន់កាំភ្លើងទាំងបួននោះត្រូវបានសម្លាប់ នៅពេលកងកមាំ្លងសន្តិសុខនៅនោះឆ្លើយតបនឹងការបាញ់ប្រហារនោះ។

ប៉ាគីស្ថានត្រូវបានញាំញីជាយូរមកហើយដោយអំពើហិង្សារបស់សកម្មប្រយុទ្ធអ៊ីស្លាមប៉ុន្តែការវាយប្រហារបានកើតមានជាញឹកញាប់នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមផ្សេងៗនៅក្នុងបន្ទាយរឹងមាំនៅតាមព្រំដែនអាហ្វហ្គានីស្ថាន៕


 

adverise with khmeread