ចោរគាស់ផ្ទះបុគ្គលិកអប់រំស្រុកកោះធំម្នាក់លួចលុយអស់ប្រមាណ១៦លានរៀល

កណ្តាល ៖ ផ្ទះរបស់បុគ្គលិកការិយាលយ័អប់រំស្រុកកោះធំម្នាក់ត្រូវចោរមិនស្គាល់មុខរលួចគាស់ផ្ទះលួចយកលុយខ្មែរ និងលុយដុល្លារអស់ជាង១៦លានរៀល កាលពីថ្ងៃចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹកនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឆេង សុធន ភេទប្រុស អាយុ៥៣ឆ្នាំខ្មែរ មានទីលំនៅ ភូមិជ្រោយតាកែវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរបុគ្គលិកការិយាលយ័អប់រំស្រុកកោះធំ។សម្ភារៈបាត់បង់តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះមាន លុយរៀលចំនួន១៤លានរៀល (ដប់បួនលានរៀល) លុយអាមេរិក៥៥០ដុល្លារ (ប្រាំរយហាសិបដុល្លារអាមេរិក)។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

ប៉ូលិសបន្តថា នៅព្រីកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦ និង៣០នាទីព្រឹក ជនរងគ្រោះ បានចេញពីផ្ទះទៅធ្វើការនៅការិយាលយ័អប់រំស្រុកកោះធំ។ ចំណែកប្រពន្ធបានទៅភ្នំពេញដោយទុកកូនប្រុសម្នាក់ឈ្មោះឆេង អានន្ទ អាយុ១៤ឆ្នាំឱ្យនៅចាំផ្ទះ។ លុះនៅវេលាម៉ោង៨ព្រឹកឈ្មោះឆេង អានន្ទ មិនបាននៅចាំផ្ទះទេបានបិតទ្វារចាក់សោផ្ទះរួចបានចេញដើរលេងបាត់។

រហូតដល់ម៉ោង១០ និង៣០នាទីថ្ងៃដដែលទើបមកផ្ទះវិញ ក៏ឃើញមានស្នាមគេលួចគាស់បង្អួចចូលក្នុងផ្ទះ និងគាស់ទូរើកកាយ អីវ៉ាន់ហើយបានលួចយកលុយខ្មែរនិងលុយដុល្លារយកបាត់អស់ចំនួនដូចខាងលើ។

ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍និងកម្លាំងប៉ូលិសជំនាញស្រុក បានចុះទៅពិនិត្យកន្លែងកើតហេតុ និងកំពុងបន្តការស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕


 

adverise with khmeread