ថ្នាក់ដឹកនាំក្លឹប Barcelona ត្រៀមបញ្ចប់ការងាររបស់គ្រូបង្វឹកលោកQuiqueSetien

មានសេចក្តីរាយការណ៍ជាច្រើនបាននិយាយថា ក្លឹបយក្សអេស្ប៉ាញBarcelona គ្រោងបណ្តេញគ្រូបង្វឹកលោកQuiqueSetienចេញនៅដំណាច់រដូវកាលនេះ លុះត្រាតែក្លឹបនេះមានការផ្លាស់ប្តូរវាសនារបស់ខ្លួន។

គ្រូបង្វឹកវ័យ៦១ឆ្នាំរូបនេះបានចូលដឹកនាំកាលពីខែមករា បន្ទាប់ពីក្លឹបនេះបានបណ្តេញលោក Ernesto Valverdeប៉ុន្តែលោក Quiqueមានការពិបាកក្នុងការគ្រប់គ្រងក្រុមកីឡាករដែលសម្បូរដោយកីឡាករកំពូលៗ។ គេនិយាយថា ថ្នាក់ដឹកនាំក៏មិនសូវពេញចិត្តនឹងលទ្ធផលនៅប៉ុន្មានប្រកួតចុងក្រោយនេះដែរ។

អតីតគ្រូបង្វឹកក្រុម Real Betis ទទួលយកកិច្ចសន្យាដឹកនាំរយ:ពេលពីរឆ្នាំកន្លះកាលពីដើមឆ្នាំនេះ ប៉ុន្តែលោកមិនមែនជាបេក្ខភាពកំពូលដែលក្លឹប Barcelona ចង់បានដើម្បីមកស្នងតំណែងពីលោក Valverde នោះទេ។មានការលើកឡើងផងដែរថា ថ្នាក់ដឹកនាំរបស់ក្លឹប Barcelona បានបាត់បង់ជំនឿលើការដឹកនាំរបស់គ្រូបង្វឹករូបនេះ។

លោក Quiqueហាក់ដូចជាបាត់បង់ទំនុកចិត្តចំពោះក្រុមរបស់លោក ស្របពេលកីឡាករសំខាន់ៗក្នុងក្លឹបនេះបង្ហាញឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងឡើងៗ។ កីឡាករខ្លះថែមទាំងងាកមកប្រឆាំងនឹងលោកទៀតផងដោយសារតែពួកគេច្របូកច្របល់នឹងយុទ្ធសាស្ត្ររបស់លោក។ ការអត្ថាធិប្បាយតាមបណ្តាញព័ត៌មាននាពេលថ្មីៗនេះក៏បានធ្វើឲ្យកីឡាករសំខាន់ៗមិនសប្បាយចិត្តផងដែរ។

សេចក្តីរាយការណ៍ដដែលជឿថា របៀបរបបក្នុងការហ្វឹកហាត់នៅលើទីលាន និងយុទ្ធសាស្ត្ររបស់គ្រូបង្វឹកជើងចាស់រូបនេះក៏មានចំណែកក្នុងការធ្វើឲ្យមានការបែកបាក់រវាងក្រុមការងារបង្វឹកនិងកីឡាករនៅពហុកីឡាដ្ឋានNou Camp ផងដែរ៕

adverise with khmeread