ចោរគាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិត្រូវបានប៉ូលិសវ៉ៃខ្នោះបានម្នាក់, នៅសល់ម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ ក្បាលកោះឃាត់ខ្លួន នាថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ គាស់សោទ្វារផ្ទះលួចទ្រព្យសម្បត្តិ នៅផ្ទះគ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ២៤ មិថុនា ២០២០ ម៉ោង២ និង៣០នាទីរសៀលកន្លងទៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ែន សុភា ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះសឿន ប៊ុនថាត ហៅតួ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីព្រឹកថ្ងៃទី២៤ មិថុនា ២០២០ ជនរងគ្រោះចាក់សោទ្វារផ្ទះ កើតហេតុត្រឹមត្រូវ រួចនាំគ្នាចេញទៅធ្វើការ។ រហូតដល់ម៉ោង២និង ៣០នាទីរសៀលថ្ងៃដដែល ស្រាប់តែមានជនសង្ស័យ២នាក់ ធ្វើសកម្មភាពគាស់សោទ្វារផ្ទះខាងក្រោយលួចទ្រសម្បត្តិរួមមាន ខ្សែកកាឡៃ ៣ខ្សែ, ក្រឡាស់អាវកាឡៃ២, កងដៃប្រាក់ដាំត្បូងពណ៌សលាយក្រហម ២កង និងកងដៃប្លាទីនដាំត្បូងពណ៌ស ៤កង នាំគ្នាគេចខ្លួន (ឆែកកាមេរ៉ាសុវត្ថិភាពឃើញ)។ 

លុះដល់ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ វេលាម៉ោង១១យប់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿន ប៊ុនថាត (តាមការចង្អុលបង្ហាញរូបថតពីសាក្សី) រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread