កម្មការិនីរោងចក្រម្នាក់ដេកស្លាប់ក្នុងផ្ទះជួលនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់មានជំងឺប្រចាំកាយ បានដួលដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលលេខ១០ ជាន់ទី៣ ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ឆយ លឿយ ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រលីចុន ទីលំនៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅភូមិលំទងថ្មី ឃុំលំទងថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា វេលាម៉ោង០៦ព្រឹក មិត្តភក្ដិបានរៀបចំទៅធ្វើការងារដូចរាល់ថ្ងៃ។ ចំណែកស្រ្តីជនរងគ្រោះមិនស្រួលខ្លួន បានសុំសម្រាកមួយព្រឹក ក្រែងបានធូរស្បើយ ហើយមិត្តភក្ដិបានចេញទៅធ្វើការបាត់។ លុះដល់ម៉ោងចប់ការងារមិត្តភក្ដិរស់នៅបន្ទប់ជួលជាមួយគ្នា បានត្រឡប់មកពីធ្វើការវិញ ឃើញបន្ទប់ចាក់សោនៅខាងក្នុង ហើយក៏បានគោះទ្វារជាញឹកញាប់មិនឃើញបើកសោះ។

អស់រយ:ពេលជិតមួយម៉ោងក៏អើតមើលតាមចន្លោះបង្អួចបន្ទប់ក៏ឃើញនារីរងគ្រោះដេកដួលនៅជិតមាត់ទ្វារ បានហៅម្ចាស់ផ្ទះមកគាស់បង្អួច ស្រាប់តែឃើញជនរគ្រោះបានបាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះដែរ ម្ចាស់ផ្ទះបានទាក់ទងទៅសមត្ថកិច្ចជំនាញ មកធ្វើកោសល្យវិច័យ ហើយបញ្ជាក់ថា ស្លាប់ដោយសារគាំងបេះដូង រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread