អ្នករកស៊ីផ្លូវភេទនៅថៃខ្លះថាបើគ្មានកម្មវិធីសង្គ្រោះទេ​ ប្រហែលពួកនាងត្រូវសម្លាប់ខ្លួនបាត់ហើយ ព្រោះអត់មានម៉ូយសោះអំឡុងកូវីដ១៩

នាង Bua ធ្លាប់រកលុយបាន ៤០.០០០ បាតក្នុងមួយខែជាអ្នករកស៊ីផ្លូវភេទនៅខេត្តឆៀងម៉ៃភាគខាងជើងប្រទេសថៃ នៅពេលកូវីដ១៩បង្ខំបិទកន្លែងកម្សាន្តរបស់បុរសៗ និងធ្វើឱ្យនាងលែងមានការងារធ្វើ។ 

តាំងពីខែមីនាមក មេម៉ាយកូនមួយមកពីភូមារូបនេះ បានខ្ចីបុលគេជាង ១៥.០០០ បាតដើម្បីបង់ថ្លៃសិក្សារបស់កូនស្រីនាង និងថ្លៃជួលផ្ទះ។ 

នាង Bua អាចរស់បានដោយសារជំនួយគេចែកឱ្យតាមរយៈអង្គការការពារនារីរកស៊ីផ្លូវភេទ Empower Foundation ដែលមានចាប់ពីអង្កររហូតដល់ខោទឹកនោមកូនក្មេង ព្រោះជំនួយរបស់រដ្ឋាភិបាលគឺតម្រូវឱ្យនាងមានកាតអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ។ 

នាង Bua ដែលសម្ភាសន៍ជាមួយកាសែតបាងកកប៉ុស្តិ៍តាមទូរស័ព្ទនិងសុំមិនបញ្ចេញឈ្មោះពិតរបស់នាងដើម្បីកុំឱ្យគ្រួសារដឹងអំពីការងាររបស់នាង បាននិយាយថា "ប្រសិនបើមិនមានអង្គការ Empower ទេ ខ្ញុំប្រហែលជាសម្លាប់ខ្លួនបាត់ហើយ"។

ខណៈថៃប្រកាសផែនការបើកបារ រង្គសាល និងខារ៉ាអូខេឡើងវិញចាប់ពីថ្ងៃពុធទី១កក្កដាតទៅ ក្រោយបិទអស់៤ខែ អ្នករកស៊ីផ្លូវភេទជាច្រើននាក់បារម្ភថានឹងមានភ្ញៀវតិចតួច ព្រោះភ្ញៀវភាគច្រើនជាជនបរទេស ហើយព្រំដែននៅបន្តបិទនៅឡើយ។ 

របាយការរបស់ UNAIDS ឆ្នាំ២០១៤ បានប៉ាន់ប្រមាណថា មាននារីរកស៊ីផ្លូវភេទចំនួន ១២៣.៥៣០ នាក់នៅប្រទេសថៃ ប៉ុន្តែអង្គការជាច្រើនបានប៉ាន់ប្រមាណថាតួលេខមានច្រើនជាងនេះទ្វេដង ព្រោះអ្នករកស៊ីផ្លូវភេទដទៃទៀតក៏មកពីមីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាមផងដែរ៕ ប្រភព៖ បាងកកប៉ុស្តិ៍

adverise with khmeread