បុរសចិនបើករថយន្តម៉ែកសឺដែសពន្លះបង្គោលភ្លើងថ្មខ្ទេចមួយកំណត់មុខ

ភ្នំពេញ ៖ ជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្ត ម៉ែកសឺដែសបោះពួយយ៉ាងលឿនជ្រុលទៅបុកបង្គោលភ្លើងថ្មខ្ទេចមុខ កើតឡើងកាលវេលាម៉ោង១២ និង៥០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលូ៣ ចំណុចខាងត្បូងស្តុបណតប្រ៊ីតប្រមាណ២០០ម៉ែត្រក្នុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តម៉ាកម៉ែកសឺដែស ស៊េរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BC.5188 ធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីតហៅ (ផ្លូវលូ៣) ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏គេចម៉ូតូកង់បីកាច់ចង្កូតមិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្ដាលឱ្យបែកធុងជ័រដែលដាក់ជុំវិញបង្គោលភ្លើងថ្មនិងបិតចំណាំងផ្លាត។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខស្ដាំខ្ទេច តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ បានទាក់ទងជំនាញបន្តមកវាស់វែងយករថយន្តបង្ករួមទាំងម្ចាស់រថយន្តទៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕


 

adverise with khmeread