យុវជនម្នាក់លោតសម្លាប់ខ្លួនពីលើភ្នំ បន្ទាប់ពីគ្មានលុយទៅលោះម៉ូតូនៅហាងបញ្ចាំ

បន្ទាយមានជ័យ ៖ យុវជនម្នាក់ត្អូញត្អែរថា«ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឱ្យផុតៗ ចង់តែឡើងលើភ្នំឱ្យរន្ទះបាញ់ស្លាប់»លុះព្រឹកឡើងក៏ឃើញស្លាប់នៅចំណុចជើងភ្នំធំ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការប៉ូលិសស្រុកមង្គលបូរី បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ន ភារ៉ា ហៅបារាំងភេទប្រុស អាយុ២១ឆ្នាំនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

បើតាមការរៀបរាប់បំភ្លឺពីឈ្មោះ សឿង សុផា ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិភ្នំធំត្បូង ឃុំអូប្រាសាទ ស្រុកមង្គល់បូរី បានប្រាប់សមត្ថកិច្ចថា កាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៦យប់ជនរងគ្រោះបានហូបបាយជាមួយខ្លួន ហើយបានពោលពាក្យថា «ពិបាកចិត្តណាស់យកម៉ូតូទៅបញ្ចាំគេគ្មានលុយទៅលោះ មិនហ៊ានចូលផ្ទះចង់តែស្លាប់ឱ្យផុតៗ ចង់តែឡើងលើភ្នំឱ្យរន្ទះបាញ់ស្លាប់» រួចក៏ដើរទៅបាត់រហូតទៅខ្លួនក៏ចូលដេក។

លុះដល់ម៉ោងប្រហែលមួយ រំលងអធ្រាត្រខ្លួនបានឮថ្មភ្នំខាងក្រោយផ្ទះបាក់ធ្លាក់ចុះមកក្រោមតែខ្លួនមិនចាប់អារម្មណ៍ទេ ព្រោះថ្មភ្នំធ្លាប់តែបាក់ធ្លាក់ហូរហែមកហើយ។រហូតដល់ម៉ោង០៥ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ពេលខ្លួនដើរទៅបត់ជើងធំក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅនឹងជើងភ្នំតែម្តង។

លោកអធិការបន្តថា ឈ្មោះ រ៉ន ភារ៉ា ហៅបារាំងនេះជាមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនធ្លាប់ជាប់ពន្ធនាគារនិងមណ្ឌលកែប្រែ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកម្ដាយអស់ជាច្រើនមកហើយ។

ក្រោយពីទទួលបានព័ត៌មានពីមនុស្សដេកស្លាប់នៅជើងភ្នំភ្លាមៗ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តដាក់បញ្ជាឱ្យកម្លាំងប៉ូលិសធ្វើការត្រួតពិនិត្យ ក្នុងនោះបានបង្កើត គណ:កម្មការត្រួតពិនិត្យស្រាវជ្រាវ ដោយមានកម្លាំងប៉ូលិសជំនាញបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងកម្លាំងជំនាញស្រុកមង្គលបូរី គ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន ធ្វើការត្រួតពិនិត្យនិងធ្វើកោសល្យវិច័យលើខ្លួនសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមបែកនៅលើថ្ពាល់ខាងស្តាំដែលធ្លាក់មកផ្ទប់នឹងថ្មជើងភ្នំ និង នៅលើភ្នំគឺមានស្នាមរអិលធ្លាក់ថ្មភ្នំធ្លាក់ចុះមកក្រោមនិងមានដាច់កូនឈើលើភ្នំធា្លក់ចុះមកក្រោម។

លោកគ្រូពេទ្យបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់នេះ គឺជាករណីធ្វើអត្តឃាតដោយលោតពីទីទួលខ្ពស់ធ្លាក់មកទាបបណ្ដាលឱ្យស្លាប់។ សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread