តារាវិទូទាល់គំនិត នៅពេលផ្កាយភ្លឺជាងព្រះអាទិត្យ២,៥លានដង នៅសុខៗស្រាប់តែបាត់ស្រមោល

ក្រុមតារាវិទូកំពុងទាល់គំនិតជាខ្លាំងដោយសារការបាត់ខ្លួនរបស់ផ្កាយដ៏ធំមួយ ដែលគេកំពុងអង្កេតមើល។ នេះយោងតាម BBC សរសេរកាលពីថ្ងៃអង្គារ។ 

បច្ចុប្បន្នពួកគេកំពុងមានចម្ងល់ថាតើផ្កាយដ៏ឆ្ងាយពីភពផែនដីមួយនេះត្រូវបានស្រូបចូលទៅក្នុងប្រហោងខ្មៅ (Black Hole) ដោយគ្មានការផ្ទុះបែកខ្ញែកនៅក្នុងទម្រង់ Supernova (ការផ្ទុះដុំផ្កាយដ៏មានឥទ្ធិពល និងភ្លឺចិញ្ចាចក្នុងលំហអាកាស) ឬយ៉ាងណា។

ប្រសិនបើត្រឹមត្រូវ វានឹងក្លាយជាឧទាហរណ៍ដំបូងបំផុតនៃវត្ថុដ៏ធំមួយ ដែលមកដល់ទីបញ្ចប់នៃជីវិតរបស់វាតាមរបៀបនេះ។

ប៉ុន្តែមានលទ្ធភាពមួយផ្សេងទៀត។ នេះបើយោងទៅតាមការសិក្សានៅក្នុងទស្សនាវដ្តីវិទ្យាសាស្រ្ត Monthly Notices of the Royal Astronomical Society បានលើកឡើង។

ពន្លឺរបស់ផ្កាយមួយនេះអាចរសាត់ដោយសារវាត្រូវបានបាំងដោយធូលី។

វាមានទីតាំងឆ្ងាយពីផែនដីប្រហែល ៧៥លានឆ្នាំពន្លឺក្នុងកាឡាក់ស៊ី Kinman Dwarf ដែលស្ថិតនៅក្នុងក្រុមផ្កាយ Aquarius។

ផ្កាយដ៏ធំមួយនេះមានពន្លឺភ្លឺជាងព្រះអាទិត្យ ២,៥លានដង។

ហ្វូងផ្កាយស្ថិតនៅក្នុងប្រភេទមួយនេះគឺមិនស្ថិតស្ថិរនោះទេ ដោយបង្ហាញការផ្លាស់ប្តូរយ៉ាងខ្លាំងម្តងម្កាលនៅក្នុងវិសាលគមរបស់ពួកវា ដែលជាបរិមាណពន្លឺដែលបញ្ចេញនៅរលកពន្លឺខុសគ្នា និងពន្លឺជះចែងចាំង៕


 

adverise with khmeread