ទារិកាម្នាក់កើតមកគ្មានដៃជើង នាំឱ្យគ្រូពេទ្យស្រឡាំងកាំងនៅឥណ្ឌា

ទារិកាមួយរូប ដែលកើតមកគ្មានអវយវៈទាំងបួនដោយសារជំងឺហ្សែនដ៏កម្រមួយ បានធ្វើឱ្យគ្រូពេទ្យ និងសមាជិកគ្រួសារមានការស្រឡាំងកាំងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា។​ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៧មិថុនា។

ស្ត្រីម្នាក់ ដែលអ្នកសារព័ត៌មានក្នុងស្រុករាយការណ៍ថាមានអាយុ ២៨ឆ្នាំ បានផ្តល់កំណើតដល់ទារិកាមួយនេះនៅក្នុងភូមិ Sakla នៃទីប្រជុំជន Sironj Tehsil ក្នុងសង្កាត់ Vidisha កាលពីថ្ងៃអាទិត្យ។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទារិការូបនេះកើតមក ជាមួយជំងឺហ្សេនកម្រមួយហៅថា  Tetra-Amelia ដែលបណ្តាលឱ្យកើតមកគ្មានអវយវៈទាំងបួន។

វេជ្ជបណ្ឌិតលោក Suresh Aggarwal ជាគ្រូពេទ្យកុមារនៅមន្ទីរពេទ្យ Rajiv Gandhi Smriti ក្នុងកូនទីក្រុង Sironj បាននិយាយថា ទារកមានសុខភាពល្អឥតខ្ចោះ។ 

គ្រូពេទ្យនិយាយថា ទារកនឹងត្រូវគេយកទៅវាយតម្លៃបន្ថែមដើម្បីពិនិត្យមើលថាតើសរីរាង្គខាងក្នុងរបស់នាងមានការលូតលាស់ត្រឹមត្រូវដែរឬទេ។

រោគសញ្ញា Tetra-Amelia គឺជាជំងឺហ្សែនមិនប្រក្រតីមួយដែលបណ្តាលមកពីការផ្លាស់ប្តូរនៅក្នុងហ្សែន WNT3 និងកម្រមានបំផុត។

យោងតាមអង្គការសុខភាពផ្លូវចិត្តរបស់កុមារ CMHO នៃទីក្រុង ​​Bhopal និងគ្រូពេទ្យកុមារ គឺវេជ្ជបណ្ឌិតលោក Prabhakar Tiwari បានឱ្យដឹងថា រោគសញ្ញានេះប៉ះពាល់ដល់ទារកម្នាក់ក្នុងចំណោមទារកទើបនឹងកើត ១០០.០០០នាក់។ លោកថានេះជាករណីដំបូងនៃអាជីពរបស់លោក៕ 


 

adverise with khmeread