សាហាវមែន! ខ្មាន់កាំភ្លើងបាញ់រះលើមនុស្សគ្រប់គ្នានៅក្នុងមណ្ឌលបន្សាបគ្រឿងញៀនម៉ិកស៊ិក ស្លាប់២៤ របួស៧

ក្រុមអាជ្ញាធរបាននិយាយថាខ្មាន់កាំភ្លើងបានសម្រុកចូលមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនមិនបានចុះបញ្ជីមួយកន្លែងនៅកណ្តាលប្រទេសម៉ិកស៊ិករួចបើកការបាញ់ប្រហារកាលពីថ្ងៃពុធម្សិលមិញ ដោយសម្លាប់មនុស្ស ២៤ នាក់និងបណ្តាលឱ្យរបួស ៧ នាក់។ នេះយោងតាមកាសែត Daily Mail សរសេរថ្ងៃព្រហស្បតិ៍នេះ។

ប៉ូលិសនៅរដ្ឋ Guanajuato បាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងទីក្រុង Irapuato។ អ្នករងរបួស ៣ នាក់ក្នុងចំណោម ៧ នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាក់ស្តែងជនវាយប្រហារបានបាញ់មនុស្សគ្រប់គ្នានៅឯមជ្ឈមណ្ឌលបន្សាបគ្រឿងញៀននេះ។ ប៉ូលិសរដ្ឋបាននិយាយថាគ្មាននរណាម្នាក់ត្រូវបានចាប់ពង្រត់ទេ។ រូបថតដែលបង្ហាញកន្លែងកើតហេតុបានបង្ហាញ មនុស្សទាំងអស់កំពុងដេករដូករណែល នៅពេលខ្មាន់កាំភ្លើងបាញ់រះពេញមណ្ឌល។

រដ្ឋ Guanajuato គឺជាកន្លែងនៃការប្រយុទ្ធគ្នាបង្ហូរឈាមរវាងក្រុមជួញដូរគ្រឿងញៀន Jalisco និងក្រុមក្មេងទំនើងក្នុងតំបន់ ហើយរដ្ឋនេះបានក្លាយជារដ្ឋហិង្សាបំផុតនៅក្នុងប្រទេសម៉ិកស៊ិក។

គេមិនដឹងថាការវាយប្រហារនេះបណ្តាលមកពីមូលហេតុអ្វីនោះទេប៉ុន្តែអភិបាលរដ្ឋលោក Diego Sinhue Rodríguez Vallejo បាននិយាយថាក្រុមក្មេងទំនើងញៀនថ្នាំហាក់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ហើយលោកបានបង្ហាញការសោកស្តាយនិងថ្កោលទោសការវាយប្រហារនេះ៕

adverise with khmeread