ប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀន៨កញ្ចប់

កណ្តាល ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃពុធទី០១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០​ និង៤០នាទីយប់ ត្រង់ចំណុចរណ្តៅដី ស្ថិតនៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធគ្រឿងញៀន។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សិទ្ធិ ឧសភា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ពាក់ព័ន្ធនឹងករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀនខុសច្បាប់។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន០៨កញ្ចប់ (មធ្យម០១កញ្ចប់ តូច០៧កញ្ចប់), ទូរស័ព្ទដៃ១គ្រឿង ម៉ាកអិនចុចពិល ពណ៌ខ្មៅ។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់បានចេញល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើ ឃើញមនុស្សប្រុសម្នាក់ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ឆែកត្រួតពិនិត្យ ឃើញមានថ្នាំញៀនចំនួន០៨កញ្ចប់តូចនៅក្នុងហោប៉ៅខោខាងឆ្វេង។ 

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះ សិទ្ធិ ឧសភា បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

បច្ចុប្បន្នចំពោះជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread