ប៉ូលិសកូរ៉េខាងត្បូងឱនក្បាលសុំទោសជាសាធារណៈ ដែលទុកឱ្យឃាតកររំលោភសម្លាប់ស្ត្រី១៥នាក់រួចខ្លួន រីឯបុរសស្លូតត្រង់ត្រូវជាប់គុកអស់២០ឆ្នាំ

លិសនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការសុំទោសចំពោះការស៊ើបអង្កេតខ្ជីខ្ជាមួយ ដែលធ្វើឱ្យឃាតករសម្លាប់មិនរើសមុខដ៏ល្បីឈ្មោះបំផុតរួចខ្លួនពីសំណាញ់ច្បាប់អស់ជាង ៣០ ឆ្នាំ ហើយបុរសស្លូតត្រង់ម្នាក់បែរជាចំណាយពេលជាប់គុក ២០ ឆ្នាំ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃព្រហស្បតិ៍ទី២កក្កដា។

Lee Chun-jae អាយុ ៥៧ ឆ្នាំបានរំលោភសេពសន្ថវៈនិងសម្លាប់ស្ត្រីចំនួន ១០ នាក់នៅតាមតំបន់ជនបទនៃខេត្ត Hwaseong ភាគខាងត្បូងទីក្រុងសេអ៊ូលក្នុងអំឡុងរយៈពេល ៥ ឆ្នាំគិតចាប់ពីឆ្នាំ ១៩៨៦។ ជនរងគ្រោះ៥នាក់ទៀតប៉ូលិសមិនបញ្ចេញព័ត៌មានលម្អិតឱ្យដឹងទេ។

ជនរងគ្រោះដែលមានអាយុចន្លោះពី ១៤ ទៅ ៧១ ឆ្នាំសុទ្ធតែត្រូវបានច្របាច់កស្លាប់ហើយសាកសពខ្លះត្រូវបានបំផ្លាញខ្ទេចខ្ទីដោយសម ផ្លែឡាម និងចុងស្រួចរបស់ឆត្រ។

ប៉ុន្តែក្នុងឆ្នាំ ១៩៨៩ Yoon Sun-yeo ត្រូវបានផ្តន្ទាទោសខុសពីការរំលោភនិងសម្លាប់ជនរងគ្រោះម្នាក់ក្នុងចំណោមក្មេងជំទង់រងគ្រោះជាច្រើនរូប។

គាត់ត្រូវបានដោះលែងមុនពេលកំណត់ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីជាប់ពន្ធនាគារ ២០ ឆ្នាំនិងបានដាក់ពាក្យប្តឹងសុំកាត់ក្តីម្តងទៀតកាលពីឆ្នាំ២០១៩ បន្ទាប់ពីប៉ូលិសបានបើកការស៊ើបអង្កេតទៅលើឈ្មោះ Lee Chun-jae។

ស្នងការប៉ូលិសខេត្តលោក Bae Yong-ju បាននិយាយថា "ខ្ញុំឱនក្បាលសុំទោសដល់ជនរងគ្រោះនៃបទឧក្រិដ្ឋកម្មរបស់ Lee Chun-jae ក្រុមគ្រួសារដែលនៅរស់ និង មនុស្សគ្រប់គ្នាដែលបានរងការខូចខាតដោយសារការស៊ើបអង្កេតខ្ជីខ្ជារបស់ប៉ូលិសរួមទាំងលោក Yoon ផងដែរ"។

ការស៊ើបអង្កេតម្តងទៀតរបស់ប៉ូលិសបានរកឃើញថា DNA ថ្មីដោយប្រើភស្តុតាងចាស់ រួមទាំងខោទ្រនាប់ជនរងគ្រោះតាំងពីជាង ៣០ ឆ្នាំមុន គឺត្រូវគ្នាជាមួយ Lee Chun-jae។ 

ប៉ុន្តែប៉ូលិសបានសារភាពថា គេមិនអាចកាត់ទោស Lee Chun-jae សម្រាប់បទឧក្រិដ្ឋទាំងអស់នេះបានទេ ពីព្រោះការស៊ើបអង្កេតតាំងពីរាប់ទសវត្សរ៍មុនមានន័យថា អាជ្ញាយុកាលនៃច្បាប់បានផុតកំណត់ទៅហើយ។ 

នៅពេលសួរចម្លើយ Lee Chun-jae សារភាពថាបានសម្លាប់ស្ត្រីទាំង១០នាក់នោះព្រមទាំងមនុស្ស៤នាក់ផ្សេងទៀត រួមទាំងក្មេងស្រីអាយុ៨ឆ្នាំម្នាក់ផងដែរ។

រូបគេក៏សារភាពដែរថាបានចាប់រំលោភស្ត្រី៩នាក់ផ្សេងទៀត​ (តែមិនសម្លាប់)។ ព័ត៌មានលម្អិតនៃជនរងគ្រោះ៥នាក់ផ្សេងទៀតមិនត្រូវបានប៉ូលិសបញ្ចេញឱ្យដឹងទេ៕ 

adverise with khmeread