សមត្ថកិច្ចចម្រុះចុះបិទសិប្បកម្មលីងកាហ្វេនិងសណ្ដែកយីហោឈ្មោះថុន ណាត ដោយសារមានកំហុសច្រើនចំណុច

កណ្តាល ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌស្រុកអង្គស្នួលនិងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ដឹកនាំដោយលោកវរសេនីយ៍ទោផាច ផល្លាអធិការរងស្រុកបានចុះសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានឆែកឆេរនិងបិទទីតាំងសិប្បកម្មមួយកន្លែង នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០វេលា១០ និង១០នាទីព្រឹក នៅសិប្បកម្មលីងកាហ្វេ និងសណ្ដែក យីហោឈ្មោះថុន ណាតនៅ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា កិច្ចប្រតិបត្តិការនេះដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើនរូប បានចុះត្រួតពិនិត្យឆែកឆេរទីតាំងកសិកម្មលីងកាហ្វេនិងសណ្ដែក យីហោឈ្មោះ ថុន ណាត នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា ម្ចាស់ទីតាំងឈ្មោះ ថុន ណាត ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម នៅភូមិត្រពាំងខ្ទឹម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ គណៈកម្មការចម្រុះបានពិនិត្យឃើញមាន ១-គ្រាប់សណ្ដែកសៀងចំនួន៦០បាវ, ២-គ្រាប់កាហ្វេលេខ១ចំនួន០៦បាវ, ៣-គ្រាប់កាហ្វេលេខ២ចំនួន១០បាវ, ៤-កាហ្វេលីងរួចចំនួន០៦បាវ, ៥-ម៉ាស៊ីនលាយប៊ឺចំនួន០១គ្រឿង, ៦-ម៉ាស៊ីនលាយស្ករចំនួន០១គ្រឿង, ៧-កាហ្វេច្រកជាកញ្ចប់រួចចំនួន៣០កញ្ចប់, ៨-បឺរ, ៩-មេក្លិនសម្រាប់លាយកាហ្វេចំនួន១២ធុង, ១០-ទឹកត្រីចំនួន០៣កាដុង, ១១-ស្រាសចំនួន០១កាន និង១២-កាហ្វេផលិតរួចចំនួន១៤កញ្ចប់ (កាហ្វេខ្មែរធម្មជាតិ)។

ចំណែកគ្រឿងសម្រាប់លាយកាហ្វេ មាន បឺរ ទឹកស្ករ caramel មេក្លិនសម្រាប់លាយកាហ្វេ ល័ក្ខពណ៌ ស្ករស អំបិល ទឹកត្រី ស្រាស ប៊ីចេង ទឹកដោះគោ សណ្ដែកសៀង។ ក្រោយពិនិត្យរួចគណៈកម្មការចម្រុះរកឃើញមានកំហុសដូចខាងក្រោម គឺ១-មិនមានលើស្លាកយីហោ, ២ -មិនទាន់បានយកទៅចុះបញ្ជីផលិតផល (ចបផ), ៣ -គ្មានវិញ្ញាបនប័ត្រត្រួតពិនិត្យគុណភាព, ៤ -នៅលើសំបកវេចខ្ចប់កាហ្វេមិនមានដាក់អាសយដ្ឋាន និងរបៀបប្រើប្រាស់, ៥-នៅលើសំបកវេចខ្ចប់កាហ្វេដាក់កាហ្វេសុទ្ធ១០០% និង៦-ទីតាំងគ្មានអនាម័យ។

សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីសម្ភារៈវត្ថុតាងខាងលើនេះ សមត្ថកិច្ចចម្រុះពុំបានដក់ហូត ឬធ្វើឱ្យខូចខាតរបស់របរអ្វីទេ ហើយព្រះរាជអាជ្ញាបានបញ្ជាឱ្យគណៈកម្មាធិការចម្រុះឃ្លុំបេបិតទីតាំងនិងអញ្ជើញម្ចាស់ទីតាំងខាងលើទៅបំភ្លឺនៅលេខាធិការដ្ឋាននៃគណៈកម្មាធិការ គ ប ផ ក ដើម្បីបន្តនីតិវិធី៕


 

adverise with khmeread