ឃាត់បុរសជាបុគ្គលិកធនាគារម្នាក់ថ្លើមធំហ៊ានធ្វើត្រាសាលាឃុំនិងឈ្មោះមេឃុំក្លែងក្លាយ

កណ្តាល ៖ បុរសជាបុគ្គលិកធនាគារម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ទី០២ កក្ដដា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០នាទីល្ងាចនៅចំណុច ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បន្ទាប់ពីថ្លើមធំហ៊ានធ្វើត្រាសាលាឃុំនិងឈ្មោះមេឃុំក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីខ្ចីប្រាក់ធនាគារ។

ប៉ូលិសនិយាយថា ជនរងគ្រោះ២នាក់រួមមាន ១-ឈ្មោះ មៀច ផៃ ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំទប់ទី១មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២-ឈ្មោះ ឡាង ថុល ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេភូមិ មានទៅលំភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

ចំណែកជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន ត្រាមូលឃុំក្លែងក្លាយ ចំនួន ០១ និងត្រាឈ្មោះ ចំនួន០២។

ប៉ូលិសបន្តថា ដំបូងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភូមិធំ បានទទួលព័ត៌មានពីលោកមាន ណាត ភេទប្រុស ថាមានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និង ត្រា ថែមទៀត។ ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងប៉ូលិសយុត្តិធម៌ស្រុក បានហៅជនសង្ស័យខាងលើមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភូមិធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈ Facebook ដែលមានយីហោឆ្លាក់ត្រាពីចម្ងាយឱ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឱ្យខ្លួន ក្នុងតម្លៃ២០ដុល្លារ ដោយផ្ញើលុយតាមរយៈ​ ABA ហើយមានរយៈពេលមួយអាទិត្យទើបកន្លែងឆ្លាក់ត្រាតាមម៉ូតូឌុបយកមកឱ្យខ្លួន។

ពេលបានត្រាហើយខ្លួនក៏រៀបចំឯកសារក្លែងក្លាយដោយមានបោះត្រាមូលនិងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និង ផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុខេមា យកប្រាក់ចំនួន៣ម៉ឺនដុល្លារដើម្បីប្រកបមុខរបរ ប្រាកដមែន៕

adverise with khmeread