កម្មករក្រុមហ៊ុនកាត់ដេរហាណា(ខេមបូឌា)1អ៊ីនមួយចំនួនរារាំងមិនឱ្យក្រុមហ៊ុនដឹកទំនិញចេញ ខណៈបើកប្រាក់អត្ថប្រយោជន៍៣ចំណុចរួចហើយ

ភ្នំពេញ ៖ ក្រុមហ៊ុនកាត់ដេរហាណា(ខេមបូឌា)1 អ៊ីន«Hana(Cambodia)1 INC» មានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី៣ខែ កក្កដាឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងជម្រាបជូនកម្មករ និយោជិតទាំងអស់ថា«ក្រុមហ៊ុនបានអនុវត្តស្របតាមច្បាប់ស្ដីពីការងារនិងគោលការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកំពុងស្ថិតក្នុងដំណាក់កាលជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបំពេញកាតព្វកិច្ចបើកប្រាក់តាមច្បាប់ការងារនិងបទបញ្ញត្តិនានារបស់ក្រសួងការងាររួចហើយ»បន្ទាប់ពីបិទរោងចក្រ។

ខាងក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុននឹងធ្វើការដឹកជញ្ជូនផលិតផលសម្រេចនិងវត្ថុធាតុដើមចេញពីរោងចក្រនៅថ្ងៃទី ៣ខែកក្កដាឆ្នាំ២០២០ នេះឱ្យអ្នកបញ្ជាទិញទាន់ពេលវេលាដោយលើកលែងតែម៉ាស៊ីនដេរនិងបានដឹកចេញនោះទេ។ក្នុងករណីដែលមានការរារាំងមិនឱ្យមានការដឹកផលិតផលសម្រេចនិងវត្ថុធាតុដើមទាំងនោះចេញបានទាន់ពេលវេលា អ្នកប្រព្រឹត្តនិងទទួលខុសត្រូវទាំងការខូចខាតនិងរឿងព្រហ្មទណ្ឌហើយក្រុមហ៊ុនសូមរក្សាសិទ្ធិប្រើប្រាស់វិធានការច្បាប់ជាធរមាន។

 

ក្នុងករណីក្រុមហ៊ុនមិនទាន់បំពេញកាតព្វកិច្ចចំពោះកម្មករ និយោជិតរូបណាស្របតាមច្បាប់ស្តីពីការងារនិងច្បាប់បញ្ញត្តិរបស់ក្រសួងការងារ ក្រុមហ៊ុនបន្តដោះស្រាយតាមនីតិវិធីរហូតដល់ចប់ជាស្ថាពរ។ ក្រុមហ៊ុនក៏បានដឹកទំនិញចេញត្រូវបានកម្មករមួយចំនួនរារាំង នាល្ងាចថ្ងៃទី៣កក្កដានេះមិនឱ្យខាងក្រុមហ៊ុនដឹកទំនិញចេញបានឡើយ ។

 

លោកស្រីទី សុធិតា ប្រធានរដ្ឋបាលរោងចក្របាននិយាយឱ្យដឹងនៅថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០នេះថា នៅអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនបានបាត់បង់ការបញ្ជាទិញទាំងស្រុងពីបរទេសដូចនេះក្រុមហ៊ុនបានប្រកាសផ្អាកបិទរោងចក្រភ្លាមៗ ចៀសវាងការជំពាក់បំណុលកម្មករថែមទៀត ហើយក្រុមហ៊ុនក៏បានផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករតាមច្បាប់ស្ដីពីការងារ នាថ្ងៃទី២៥មិថុនាឆ្នា២០២០ គឺ១-ប្រាក់ឈ្នួលដែលមិនទាន់បានបើក,២- ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ និង៣- ប្រាក់រំលឹកអតីតភាពការងារ។ ដោយមានការសម្របសម្រួលពីសហជីពដែលមានបញ្ជីការក្នុងរោងចក្រ។ បន្ទាប់ពីទទួលប្រាក់កម្មករសរុបចំនួន៦៦៩នាក់បានផ្តិតមេដៃបញ្ចប់កិច្ចសន្យានិងប្រគល់កាតជូនក្រុមហ៊ុនវិញ។

 

លោកស្រីបន្តថា លុះនៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២០ ក៏មានការញុះញង់ពីមនុស្សពីខាងក្រៅបានជំរុញឱ្យកម្មករមួយចំនួនទាមទារបន្ថែមពីរចំណុចទៀតរួមមាន គឺ១-ប្រាក់បំណាច់ជួសការជូនដំណឹងនិង២-ប្រាក់សោហ៊ុយជំងឺចិត្ត ។ ចំពោះករណីនេះក្រុមកម្មករដែលមានគ្នាប្រមាណ៥០នាក់ក៏បានធ្វើការទាមទារដោយបាននាំគ្នាទៅមុខក្រសួងការងារ ដឹកនាំដោយលោកសន ប្រាក់ ប្រធានសហព័ន្ធសហជីពឯករាជ្យការពារកម្មករ ហើយខាងក្រសួងការងារដែលមានលោកខៀវ សាវុធ អគ្គលេខាធិការរងនៃ អ.គ.ក.ប និងជាប្រធានក្រុមការងារអន្តរាគមន៍និងដោះស្រាយទី៧ ជួបប្រជុំភាគីទាំងអស់ដើម្បីដោះស្រាយ។

 

លោកខៀវ សាវុធ អគ្គលេខាធិការរងនៃ អ.គ.ក.ប បានបញ្ជាក់ក្នុងរបាយការណ៍ថា កាលពីថ្ងៃទី២៩និង៣០ខែមិថុនាឆ្នាំ២០២០ លោកបានជួបប្រជុំដោះស្រាយការតវ៉ារបស់កម្មកររោងចក្រហាណា(ខេមបូឌា)អ៊ីន ដែលមានទីតាំងនៅផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យដែលរោងចក្រមានកម្មករសរុបចំនួន៦៦៩នាក់ហើយនាយកក្រុមហ៊ុនជាជនជាតិកូរ៉េ។សមាសភាពចូលរួមមានតំណាងសហជីពប្រចាំរោងចក្រ តំណាងរោងចក្រ ហើយបានដំណើរការដោះស្រាយគឺកម្មករមួយចំនួនទាមទារលក្ខខណ្ឌការងារ៥ចំណុច។ចំណែកក្រុមហ៊ុនបានដោះស្រាយចំនួន៣ចំណុច។

 

លោកខៀវ សាវុធ បានស្នើគ្រប់ភាគីទាំងអស់ចូលរួមប្រជុំស្វែងរកដំណោះស្រាយដែលក្រុមហ៊ុនបានផ្អាកដំណើរការសង្វាក់ផលិតកម្ម តែភាគីកម្មករ និយោជិតមិនចាត់តំណាងឱ្យដោះស្រាយឡើយព្រោះពួកគាត់កើតទុក្ខមិនសុខចិត្តហើយទៅវិញទៅមកមិនព្រមស្តាប់ហេតុផលអ្វីទាំងអស់ពីក្រុមការងារដើម្បីប្រជុំស្វែងរកដំណោះស្រាយនេះមិនជាសះនឹងគ្នា។

 

លោកបញ្ជាក់ថា ចំពោះការទាមទាររបស់កម្មករ ៥ ចំណុចរួមមាន ១-ប្រាក់ឈ្នួលដែលមិនទាន់បានបើក,២-ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ , ៣-ប្រាក់រំលឹកអតីតភាពការងារ,៤-ប្រាក់បំណាច់ជួសការជូនដំណឹងមុននិង៥-ប្រាក់សង់ហ៊ុយជំងឺចិត្ត។ចំណែកភាគីក្រុមហ៊ុនបានដោះស្រាយសំណងបានចំណុចទិ១-២និង៣រួចហើយ។ខាងភាគីរោងចក្រក៏បានសុំដល់អាជ្ញាធរមានសមត្ថកិច្ចជួយធ្វើអន្តរាគមន៍កុំឱ្យកម្មកររារាំងក្នុងការដឹកទំនិញចេញចូលផងដែរ៕

 

adverise with khmeread