មមាចប្រលែងភ្លើង! ពួកនិស្សិតអាមេរិកនៅរដ្ឋ Alabama ធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ រួចភ្នាល់ដាក់លុយ បើអ្នកណាកើតកូវីដមុនគេនឹងយកលុយនោះទាំងអស់

ក្រុមមន្រ្តីបាននិយាយថា និស្សិតសាកលវិទ្យាល័យជាច្រើននាក់នៅក្នុងទីក្រុងមួយនៃរដ្ឋ Alabama បានរៀបចំ "ពិធីជប់លៀងកូវីដ១៩" សម្រាប់ជាការប្រកួតប្រជែងមួយដើម្បីមើលថាតើអ្នកណានឹងឆ្លងវីរុសនេះមុនគេ។

សារព័ត៌មានក្នុងស្រុកជាច្រើនបានរាយការណ៍ថា សមាជិកក្រុមប្រឹក្សាក្រុង Tuscaloosa លោកស្រី Sonya McKinstry បាននិយាយថា ពួកនិស្សិតបានរៀបចំពិធីជប់លៀងក្នុងចេតនាចម្លងកូវីដ១៩ឱ្យគ្នាទៅវិញទៅមក។

លោកស្រី McKinstry បាននិយាយថា អ្នករៀបចំពិធីជប់លៀងបានអញ្ជើញភ្ញៀវ ដែលតេស្តវិជ្ជមានកូវីដ១៩ឱ្យចូលរួម។ លោកស្រីបាននិយាយថា ពួកនិស្សិតបានដាក់ប្រាក់នៅក្នុងកូនឆ្នាំងមួយ ហើយអ្នកណាឆ្លងកូវីដ១៩មុនគេនឹងទទួលបានប្រាក់ទាំងអស់នោះ។

លោកស្រី McKinstry និយាយថា "វាគ្មានន័យអ្វីសោះ។ ពួកគេមានចេតនាឱ្យកើតកូវីដ"។

ប្រធានផ្នែកពន្លត់អគ្គិភ័យក្រុង Tuscaloosa លោក Randy Smith បានបញ្ជាក់អំពីឧបទ្ទវហេតុនេះទៅកាន់ក្រុមប្រឹក្សាក្រុងកាលពីថ្ងៃអង្គារ៣០មិថុនា។

នាយកដ្ឋានពន្លត់អគ្គីភ័យគិតថាពិធីជប់លៀងនោះគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ប៉ុន្តែលោក Smith ថាបន្ទាប់ពីការរុករកមើលមួយចំនួន មន្រ្តីបានរកឃើញថា ពិធីជប់លឿងនោះគឺជាការពិត។

លោក Smith បាននិយាយថា "មិនគ្រាន់តែការិយាល័យគ្រូពេទ្យទេដែលបញ្ជាក់អំពីពិធីជប់លៀងនេះ សូម្បីរដ្ឋក៏បានបញ្ជាក់ថាពួកគេក៏មានព័ត៌មានដូចគ្នានេះដែរ"។

លោក Smith មិនបាននិយាយថាតើនឹងមានចំណាត់ការអ្វីប្រឆាំងនឹងនិស្សិតនោះទេ។ លោកក៏មិនបានបញ្ជាក់ថាតើសាលាណាដែលពួកនិស្សិតចូលរៀននោះដែរ។ ទីក្រុង Tuscaloosa ជាទីតាំងរបស់សាកលវិទ្យាល័យ Alabama និងសាកលវិទ្យាល័យជាច្រើនទៀត៕ ប្រភព៖ South China Morning Post 

adverise with khmeread