ម៉ូតូនិងម៉ូតូបើកបុកគ្នារបួសធ្ងន់ស្រាលមនុស្សក្មេងចាស់ប្រុសស្រី៥នាក់នៅស្រុកកោះធំ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូ និង ម៉ូតូ ដែលមានទិសដៅស្របគ្នាបត់ឆ្វេង ឆ្លងផ្លូវបណ្ដាលឱ្យរងរបួសចំនួន ៥ នាក់ (ស្រី ៣ នាក់) នៅថ្ងៃ សុក្រទី ៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ១២ នៅលើកំណាត់ផ្លូវជាតិលេខ២១ស្ថិតនៅក្នុងភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូម៉ាកហុងដា សេ ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1W-7449 មានកញ្ចក់បើកបរមានទិសដៅពី ត្បូងទៅជើង ( ជ្រៃធំ តាខ្មៅ ) បើកបរដោយឈ្មោះ វៃ.សារ៉ូត ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកសិករ ( អត់ពាក់មួកសុវត្តិភាព ) មានទីលំនៅភូមិ ថ្មី ឃុំ ឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល រងរបួសស្រាលទៅព្យាបាលនៅផ្ទះ  មានឌុបអ្នករួមដំណើរម្នាក់ ឈ្មោះ វៃ.ស្រីលក្ខ័ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា ( ត្រូវជាបងបង្កើត ) មានពាក់មួកសុវត្តិភាព រងរបួសស្រាលទៅសម្រាកព្យាបាលនៅផ្ទះ។  

លុះដល់ចំណុចខាងលើក៏បានបុកជាមួយម៉ូតូម៉ាកហុងដា សេ៥០ គុបជ្រុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្ដាល 1L-6241 អត់កញ្ចក់ បើកបរមានទិសដៅពីត្បូងទៅជើងស្របទិសគ្នា រួចបត់ឆេ្វង ឆ្លងផ្លូវពីកើតទៅលិច បើកបរដោយឈ្មោះ សូត.អាន ភេទស្រី អាយុ ៤០ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុ អត់ពាក់មួកសុវត្តិភាព រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មានឌុបអ្នករួមដំណើរ ២ នាក់ ទី ១-ឈ្មោះ ផល.សុជាតិតា ភេទស្រី អាយុ ៦ ឆ្នាំ ត្រូវជាកូន អត់ពាក់មួកសុវត្តិភាពរងរបួសធ្ងន់បាក់ជើងឆ្វេង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងទី ២-ឈ្មោះ ស្រ៊ុន.ឆាយ ភេទប្រុស អាយុ ១៦ ឆ្នាំមុខរបរកសិករ អត់ពាក់មួកសុវត្តិភាព ត្រូវជាកូនរងរបួសស្រាល កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចថា ករណីនេះបង្កឡើងដោយអ្នកបើកបរ ម៉ូតូគុបជ្រុង សេ៥០ ពាក់ស្លាកលេខ កណ្ដាល 1 L 6241 បើកបត់ឆ្វេងឆ្លងផ្លូវមិនផ្ដល់សញ្ញា មិនមើលមុខក្រោយ មិនគោរពសិទ្ធិអាទិភាព។ ចំណែកអ្នកបើកបរម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខកណ្ដាល​ 1W-7449 បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕


       

adverise with khmeread