សង្សាររបស់កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិក កើតកូវីដ១៩

ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍កាលពីថ្ងៃទី៣កក្កដាថា សង្សាររបស់កូនប្រុសច្បងរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានតេស្តវិជ្ជមានកូវីដ១៩។

នាង Kimberly Guilfoyle អតីតបុគ្គលិកទូរទស្សន៍ Fox News ដែលកំពុងទាក់ទងគ្នាជាមួយលោក Donald Trump Jr បានធ្វើដំណើរទៅកាន់រដ្ឋ South Dakota ដើម្បីមើលសុន្ទរកថារំលឹកខួបឯករាជ្យ ៤ កក្កដារបស់ប្រធានាធិបតីអាមេរិកនិងមើលការបាញ់កាំជ្រួចអបអរនៅឯភ្នំ Rushmore។

កាសែត New York Times បានរាយការណ៍ថា នាង Guilfoyle អាយុ ៥១ ឆ្នាំបាននៅដាច់ពីគេភ្លាមៗបន្ទាប់ពីដឹងថានាងមានផ្ទុកវីរុសកូរ៉ូណានៅក្នុងការធ្វើតេស្តមួយដែលធ្វើឡើងលើមនុស្សគ្រប់គ្នា ដែលរំពឹងមកជួបជាមួយប្រធានាធិបតី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែតដដែល លោក Sergio Gor ជានាយអគ្គសេនាធិការនៃគណៈកម្មាធិការហិរញ្ញវត្ថុនៃយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំ បាននិយាយថា "នាងមានសុខភាពល្អ ហើយនឹងត្រូវធ្វើតេស្តម្តងទៀតដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យគឺត្រឹមត្រូវ ដោយហេតុថានាងមិនមានរោគសញ្ញា"។

លោកបានបន្ថែមទៀតថា "ជាការប្រុងប្រយ័ត្ន នាងនឹងលុបចោលរាល់ព្រឹត្តិការណ៍នាពេលខាងមុខ។ Donald Trump Jr បានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែដើម្បីជាការប្រុងប្រយ័ត្នក៏បានបង្ខាំងខ្លួនឯងដាច់ដោយឡែកពីគេដែរ ហើយបានលុបចោលព្រឹត្តិការណ៍សាធារណៈទាំងអស់"។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា Kimberly Guilfoyle  គឺជាមនុស្សទី ៣ ជិតស្និទ្ធនឹងប្រធានាធិបតីអាមេរិក ដែលធ្វើតេស្តវិជ្ជមានកូវីដ១៩។

អ្នកផ្សេងទៀតគឺអ្នកបោកគក់ផ្ទាល់របស់លោកត្រាំនិងលេខាព័ត៌មានរបស់អនុប្រធានាធិបតីអាមេរិក៕

adverise with khmeread