មកមើលរថយន្តនិងម៉ូតូបុកគ្នារបួស២នាក់, ពេលដើរឆ្លងផ្លូវត្រូវរថយន្តបុកស្លាប់

កណ្តាល ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង ម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្ត
បណ្ដាលឱ្យស្លាប់មនុស្សម្នាក់និងរបួសស្រាល២នាក់ខូចខាតម៉ូតូ១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក០១គ្រឿងកើតហេតុនៅថ្ងៃទី០៤ កក្កដា ២០២០ វេលាម៉ោង៨ និង២០នាទីយប់លើផ្លូវជាតិលេខ៦ចន្លោះគីឡូម៉ែត្រលេខ១៩-២០ ត្រង់ចំណុចភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា​ នៅថ្ងៃកើតហេតុខាងលើមានម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1FM-1491 បើកបរដោយឈ្មោះ ម៉េត សាមុត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិសន្លុង​ ឃុំសន្លុង​ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយមានរួមដំណើរម្នាក់ឈ្មោះ ម៉េត សាម៉ៃ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅជាមួយគ្នាធ្វើដំណើរពីត្បូងទៅជើង។

លុះមកដល់ចំណុចកើតហេតុបានទៅកៀរម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1AY-1645 បើកបរដោយឈ្មោះ ហេង សំអុល ភេទប្រុស អាយុ៣៩ឆ្នាំមានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលធ្វើដំណើរពីត្បូងទៅជើង (ស្របទិសគ្នា) បណ្ដាលឱ្យម៉ូតូដួល ហើយរង របួសស្រាលដល់អ្នកបើកបរម៉ូតូឈ្មោះម៉េត សាមុត និងអ្នករួមដំណើរឈ្មោះ ម៉េត សាម៉ៃ ចំណែកអ្នកបើករ៉ឺម៉កឈ្មោះ ហេង សំអុល ក៏របួសស្រាលដូចគ្នា។

ក្រោយមកឈ្មោះម៉េត សាមុតបានដើរទៅមើលប្អូនឈ្មោះម៉េត សាម៉ៃ រួចហើយក៏ដើរឆ្លងផ្លូវទៅលើកម៉ូតូដែលដួលនៅជាប់សួនច្បារ ស្របពេលនោះក៍មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរមកពីទិសខាងត្បូង បានមកបុកឈ្មោះម៉េត សាមុត បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពេលបុកហើយរថយន្តបានបើករត់ទៅទិសខាងជើងបាត់។

ក្រោយពីទទួលព័ត៌មាន កម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ព្រែកអញ្ចាញ បានចុះ ទៅដល់កន្លែងកើតហេតុ ហើយបានពិនិត្យ កន្លែងកើតហេតុ និង វាស់វែង រួចយកម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កមករក្សាទុកនៅអធិការដ្ឋានស្រុកមុខកំពូល។

ចំពោះសពឈ្មោះម៉េត សាមុត ជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី។

ប៉ូលិសបានសន្និដ្ឋានថា​ ដោយអ្នកបើកបរម៉ូតូ C125 ពាក់ផ្លាកលេខភ្នំពេញ 1FM1491 បើកខ្វះការប្រុងប្រយ័ត្នក៏បានមកពៀរម៉ូតូសណ្ដោងរឺម៉ក។ រីឯម៉ូតូសណ្ដោងរ៉ឺម៉កគ្មានភ្លើងពីខាងក្រោយ។ ចំណែករថយន្តបើកបរលឿន ពេលបុកហើយក៍បើករត់គេចបាត់។ ករណីនេះជំនាញកំពុងតែបន្តស្រាវជ្រាវរករថយន្ត ដើម្បីយកមកអនុវត្តន៍តាមច្បាប់៕

adverise with khmeread