បើកម៉ូតូលឿនពេកបុករថយន្តចំពីមុខពេញទំហឹងបណ្តាលឱ្យស្លាប់ប្រុសស្រី២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងនារីម្នាក់រួមដំណើរស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ បន្ទាប់ពីបើកម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ត្រូវរថយន្តបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង២៥នាទីយប់ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចជិតច្រកចូលបុរីតារាសំណាង ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា សពបុរសជនរងគ្រោះឈ្មោះ ថន ពិសី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងនារីដែលរួមដំណើររងរបួសធ្ងន់បានស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ចំណែកអ្នកបើករថយន្តឈ្មោះ ចេង សុខជា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការក្រុមហ៊ុន រស់នៅផ្ទះលេខ១៧០៥ ផ្លូវលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពបានបានឱ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់និងនារីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BV-1370 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច។ ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវទៅខាងធ្វេងដៃបញ្ច្រាសទិសដៅចរាចរណ៍។

ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកហ្វតរ៉េនជ័រ (Ford Ranger) ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BA-9816 ធ្វើដំណើរតាមបណ្តោយផ្លូជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក៏បុកម៉ូតូដែលបើកច្រាសទិសពីមុខពេញទំហឹង បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង, រីឯនារីម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យខ្មែរ-សូវៀត។ ចំណែករថយន្តកំពិតផ្នែកខាងមុខមើលលែងយល់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅប៉ូលិសជំនាញចរាចរណ៍មកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចរង់ចាំ ប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread