ជនសង្ស័យឆក់ទូរស័ព្ទ២នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានជិះម៉ូតូជាច្រើនគ្រឿងប្រដេញចាប់បានភ្លាមៗ បន្ទាប់ពីឆក់ទូរស័ព្ទដៃពីជនជាតិចិនបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅក្បែរផ្ទះសំណាក់ស្ទឹងលាភ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ដំបូងប៉ូលិសគេឃើញជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HL.3013 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃជនជាតិចិនម្នាក់កំពុងជិះម៉ូតូកង់បីនៅក្បែរសាលារៀនសន្ធរម៉ុកក្នុងខណ្ឌទួលគោក រួចក៏នាំគ្នាជិះរត់គេចខ្លួន។

ខណៈនោះប៉ូលិសក៏ប្រទះហើយកម្លាំងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលកំពុងល្បាតតាមផ្លូវឃើញក៏បាននាំគ្នាជិះប្រដេញប្រភិតប្រភីងមកដល់ចំណុចក្បែរផ្ទះសំណាក់ស្ទឹងលាភ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ប៉ូលិសព្រហ្មទណ្ឌធ្វើការឃាត់ខ្លួនបានភ្លាមតែម្តង។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់បានបង្ហាញអត្តសញ្ញាណពួកគេនៅឡើយ។

ក្រោយមកសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ ធ្វើការសួរនាំរួចបញ្ជូនបន្តទៅស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

adverise with khmeread