នាវាផ្ទុកយន្តហោះ២គ្រឿងរួមជាមួយយន្តហោះចម្បាំង F-18 និងយន្តហោះទម្លាក់គ្រាប់បែក B-52 របស់អាមេរិកធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង ក្រោយចិនគំរាមកម្ទេចក្រុមនាវាប្រយុទ្ធរបស់អាមេរិក

នាវាផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកអាមេរិកចំនួន ២ គ្រឿងបានបង្ហាញខ្លួនជាលើកដំបូងជាមួយគ្នាក្នុងសមុទ្រនៅសមុទ្រចិនខាងត្បូង គឺតែ ២ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីរបបក្រុងប៉េកាំងគំរាមបាញ់កម្ទេចក្រុមនាវាប្រយុទ្ធរបស់អាមេរិក។ នេះយោងតាមកាសែត Daily Mail សរសេរនៅថ្ងៃអង្គារទី៧កក្កដានេះ។

នាវាផ្ទុកយន្តហោះ USS Nimitz និង USS Ronald Reagan បានបង្ហាញខ្លួនរួមគ្នា រួមជាមួយនឹងក្រុមប្រយុទ្ធរបស់ពួកវា ដោយមានយន្តហោះចម្បាំង F-18 និងយន្តទម្លាក់គ្រាប់ B-52 សម្រាប់សមយុទ្ធយោធា។

កងទ័ពជើងទឹកអាមេរិកមិនបានប្រមូលផ្ដុំនាវារួមគ្នាសម្រាប់ការបង្ហាញកម្លាំងបែបនេះនៅក្នុងតំបន់ចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលនាវា USS George Washington និងនាវា USS Carl Vinson បានធ្វើដំណើរនៅក្បែរនោះ។

ប៉ុន្តែការធ្វើសមយុទ្ធនៅឆ្នាំនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់ ខណៈដែលសហរដ្ឋអាមេរិកនៅតែបន្តរិះគន់ប្រទេសចិនជុំវិញការឆ្លើយតបនឹងមេរោគកូរ៉ូណា បន្ទាប់ពីលោកដូណាល់ត្រាំបានគំរាមប្រទេសនេះដោយសង្គ្រាមពាណិជ្ជកម្ម។

សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនពីការទាញយកផលប្រយោជន៍ពីជំងឺរាតត្បាត ដើម្បីជំរុញការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត៕

adverise with khmeread