បើកម៉ូតូគេចគោយន្តត្រូវរថយន្តបើកបុកស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកបុរីជលសារ

តាកែវ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរមានទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យមនុស្ស២នាក់ ស្លាប់និងរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិតាយឹង ឃុំដូងខ្ពស់ ស្រុកបុរីជលសារ ខេត្តតាកែវ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០។

សមត្ថកិច្ចនិយាយថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រវាងម៉ូតូមួយគ្រឿងម៉ាកយ៉ាម៉ាហាអ៊ិចស៊ីនទ័រ ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ ស៊ាង វុធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរវៀង ឃុំសំបូរ ខេត្តតាកែវ និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ឃុត ចន្ថា ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិជាមួយគ្នា បើកបរទិសដៅពីកើតទៅលិច។

លុះបើកមកដល់ចំណុចកើតហេតុម៉ូតូបានបើកគេចពីគោយន្តបណ្តាលឱ្យរថយន្ត១គ្រឿងមិនស្គាល់ម៉ាក និងអត្តសញ្ញាណបានបុកចំពីមុខបណ្តាលឱ្យអ្នករួមដំណើរស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នកបើកម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តតាកែវ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចបានចុះយកមធ្យោបាយទៅរក្សាទុក ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធីផ្លូវច្បាប់។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread