ស្នាក់នៅខុសច្បាប់ហើយបង្កហិង្សាត្រូវបានប៉ូលិសខេត្តបាត់ដំបងឃាត់ខ្លួនបញ្ជូនទៅក្រសួង

បាត់ដំបង  ៖ ជនបរទេសម្នាក់ដែលគ្មានឯកសារស្នាក់នៅស្របច្បាប់ និងបានបង្កហិង្សាលើអ្នកដទៃត្រូវបានប៉ូលិសឃាត់ខ្លួនបញ្ជូនទៅនាយកដ្ឋានជំនាញអនុវត្តតាមផ្លូវច្បាប់កាលពីរសៀលថ្ងៃអាទិត្យទី ៥ ខែកក្កដា ឆ្នាំ២០២០។

ប៉ូលិសនិយាយថា ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តននីតិវិធីខេត្តដែលមានលោកវរសេនីយ៍ទោ គង់ ផុនដា ជានាយការិយាល័យ បានឃាត់ខ្លួនជនជាតិបរទេសម្នាក់ឈ្មោះ DANIEL JOHN ភេទប្រុសអាយុ ៣៨ឆ្នាំ ជាជនជាតិអង់គ្លេស ក្នុងខណៈដែលរូបគាត់ត្រូវបានសមត្ថកិច្ចជំនាញរកឃើញថា រូបគាត់កំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង ដោយមិនមានឯកសារបញ្ជាក់ពីការស្នាក់នៅស្របច្បាប់ជាប់នឹងខ្លួនហើយរូបគាត់បាន​បង្កហិង្សាទៅលើជនជាតិបរទេសដូចគ្នា កាលពីថ្ងៃទី​០១ ខែ កក្កដា ឆ្នាំ២០២០ កន្លងទៅនៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  

ប៉ូលិសបន្តថា ក្រោយពេលសាកសួរ និងបំពេញសំណុំឯកសារចប់សព្វគ្រប់សមត្ថកិច្ចបានបញ្ជូនបុរសជនជាតិអង់គ្លេសរូបនេះទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដើម្បីអនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា៕


 

adverise with khmeread