មិនបាច់ទៅក្លឹបហាត់ប្រាណក៏នៅតែអាចសម្រកទម្ងន់បានដែរ!

ចង់សម្រកទម្ងន់ តែខ្ជិលទៅកន្លែងហាត់ប្រាណមែនទេ? លោកអ្នកមិនចាំបាច់មានកាតសមាជិក្លឹបហាត់ប្រាណថ្លៃៗឬឧបករណ៍ឡូយឆាយដើម្បីធ្វើលំហាត់ប្រាណទេ។ ញ៉ាំឱ្យបានឆ្លាតវៃ គេងឱ្យបានគ្រប់គ្រាន់ និងមើលទូរទស្សន៍ឱ្យបានតិចបំផុត នឹងជួយលោកអ្នកសម្រកទម្ងន់បានដោយមិនបាច់ប្រឹង។ ហើយរឹតតែប្រពៃទៀតនោះគឺថា សកម្មភាពប្រចាំថ្ងៃដូចជាថែសួនឬរាំអាចជួយដុតកាល់ឡូរីបានយ៉ាងច្រើន។ 

១. ញ៉ាំអាហារឱ្យប្រយ័ត្នប្រយែង
ការញ៉ាំអាហារបានត្រឹមត្រូវមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងគីឡូរបស់លោកអ្នក។ មនុស្សប្រុសពេញវ័យប្រើប្រាស់ប្រហែល ២០០០ ទៅ ២៤០០ កាល់ឡូរី ខណៈស្ត្រីពេញវ័យប្រើប្រហែល ១៦០០ ទៅ ២០០០ កាល់ឡូរី។ ប៉ុន្តែយើងភាគច្រើនទទួលទានលើសចំណុះកាល់ឡូរីជាញឹកញាប់ ជាហេតុនាំឱ្យឡើងគីឡូ។ 
- របបអាហារត្រូវមានបន្លែ ផ្លែឈើ ប្រូតេអ៊ីន ស្រូវសាលី និងផលិតផលទឹកដោះគោដែលមានខ្លាញ់ទាប។ កាត់បន្ថយជាតិខ្លាញ់មិនរលាយ (ខ្លាញ់ជ្រូក) អំបិល ស្ករ និងអាហារសម្បូរកូឡេស្តេរ៉ុល (ស៊ុត និង ឈីស)។
- កុំរំលងអាហារណាមួយឱ្យសោះ (អាហារព្រឹកថ្ងៃនិងល្ងាច) ព្រោះខកខានញ៉ាំអាហារមួយពេលលោកអ្នកមានទំនោរញ៉ាំច្រើនហួសប្រមាណនៅអាហារពេលក្រោយ។ 
- បង្កើនអាហារផ្តល់ថាមពលដូចជា តែបៃតងជាដើម។
- រក្សាសំណើមក្នុងខ្លួនជានិច្ច ដោយត្រូវផឹកទឹកឱ្យបានច្រើនរាល់ថ្ងៃ ព្រោះទឹកដើរតួជាអ្នកលាងជាតិពុលពីក្នុងខ្លួនផងដែរ។ 

២. គេងឱ្យបានគ្រប់គ្រាន់
គេងមិនគ្រប់គ្រាន់ធ្វើឱ្យលោកអ្នកមានអារម្មណ៍ឃ្លាន។ ការសិក្សាមួយរកឃើញថា គេងបាន៤ម៉ោង ២ថ្ងៃជាប់គ្នានឹងនាំឱ្យប្រែប្រួលកម្រិតអ័រម៉ូន Leptin និង Ghrelin ដែលគ្រប់គ្រង់ចំណង់អាហារ។ ដូច្នេះដេកឱ្យបានស្កប់ស្កល់នឹងមិននាំឱ្យមានអារម្មណ៍ឃ្លានចម្លែកនោះទេ។ 

៣. មើលទូរទស្សន៍ឱ្យបានតិចបំផុត
ការសិក្សាជាច្រើនបង្ហាញថា ខណៈមើលទូរទស្សន៍ រាងកាយលោកអ្នកចាប់ផ្តើមស្ថិតក្នុងស្ថានភាពសម្រាកពាក់កណ្តាលនិងធ្វើការពាក់កណ្តាល ហើយលោកអ្នកនឹងដុតកាល់ឡូរីបានតិចបំផុត ប្រសិនបើលោកអ្នកអង្គុយដោយគ្មានធ្វើអ្វីសោះរយៈពេលយូរ។ 

៤. ដើរឱ្យបានច្រើន អង្គុយឱ្យបានតិច
បើមិនចង់ទៅក្លឹបហាត់ប្រាណ លោកអ្នកអាចដើរចុះឡើងក៏បានដែរ ហើយកុំអង្គុយយូរពេក។ មនុស្សយើងជាទូទៅត្រូវការមានសកម្មភាពរាងកាយពី ១៥០ ទៅ ៣០០ នាទីក្នុងមួយថ្ងៃទើបជួយដុតកាល់ឡូរីបានគ្រប់គ្រាន់ប្រចាំថ្ងៃ។ លោកអ្នកអាចធ្វើសកម្មភាពរាងកាយ ដូចជា ការដើរ ការថែសួន ការរាំ ឬការបោសជូតជុំវិញផ្ទះជាដើម។

រក្សាទម្លាប់ទាំង៤ខាងលើបាន លោកអ្នកនឹងអាចសម្រកទម្ងន់បាននិងមិនចាំបាច់ទៅក្លឹបហាត់ប្រាណនោះឡើយ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត