បុរសប្រេស៊ីលម្នាក់អាចក្លាយជាអ្នកដំបូងគេជាសះស្បើយពីវីរុសហ៊ីវ ក្រោយតេស្តម្តងទៀតឃើញអវិជ្ជមានក្នុងរយៈពេលយ៉ាងយូរ

បុរសអាយុ ៣៤ ឆ្នាំមកពីប្រទេសប្រេស៊ីល ដែលមានផ្ទុកមេរោគហ៊ីវ បានតេស្តម្តងទៀតឃើញអវិជ្ជមានក្នុងរយៈពេលយ៉ាងយូរ បន្ទាប់ពីបានព្យាបាលដោយប្រើថ្នាំតែមួយមុខគត់ ជាហេតុនាំឱ្យកើនក្តីសង្ឃឹមនៃការព្យាបាលជាសះស្បើយសម្រាប់អ្នករស់នៅជាមួយវីរុសហ៊ីវរាប់លាននាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី៧កក្កដា។

គ្រូពេទ្យបានរាយការណ៍ថាអ្នកជំងឺបានឈានចូលការបាត់រោគសញ្ញាជាផ្លូវការ ក្រោយរយៈពេលមិនដល់មួយឆ្នាំក្នុងការសាកល្បងព្យាបាលបែបថ្មី។

គាត់ត្រូវបានគេចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំព្យាបាលជំងឺអេដស៍ច្រើនប្រភេទរួមទាំងការព្យាបាលដោយថ្នាំប្រឆាំងនឹងវីរុស ឬ ថ្នាំ ART។

ការព្យាបាលបែបថ្មីនេះក៏ត្រូវបានបំពេញបន្ថែមជាមួយនឹងថ្នាំហ៊ីវបូករួមជាមួយថ្នាំដែលមានឈ្មោះថា Nicotinamide ដែលជាទម្រង់នៃវីតាមីន B3។

អ្នកជំងឺដែលគេមិនបញ្ចេញឈ្មោះនេះត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគហ៊ីវក្នុងឆ្នាំ ២០១២ និងបានស្ថិតក្នុងដំណើរការប្រើថ្នាំព្យាបាលរយៈពេល ៤៨ សប្តាហ៍។

គ្រាន់តែជាងមួយឆ្នាំក្រោយមក DNA និងកោសិការបស់គាត់ត្រូវបានវាយតម្លៃនិងតេស្តរកមេរោគហ៊ីវម្តងទៀត ហើយលទ្ធផលចេញមកគឺអវិជ្ជមានតាំងពីពេលនោះរហូតមកដល់ឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត Ricardo Diaz នៃសកលវិទ្យាល័យ Sao Paulo ក្នុងប្រទេសប្រេស៊ីលដែលជាអ្នកដឹកនាំដឹកនាំការស្រាវជ្រាវបានប្រាប់កាសែត The Telegraph ថា "យើងមិនអាចស្វែងរកក្នុងរាងកាយទាំងមូលបានទេ ប៉ុន្តែតាមភស្តុតាងល្អបំផុត យើងមិនឃើញមានកោសិកាឆ្លងហ៊ីវទេ។ ខ្ញុំគិតថា វាពិតជាអាចទទួលជោគជ័យខ្ពស់។ អ្នកជំងឺនេះប្រហែលជាអាចជាសះស្បើយហើយ"។

ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានដាស់តឿនថា អ្នកផ្ទុកហ៊ីវចំនួន ៤ នាក់ផ្សេងទៀត ដែលត្រូវបានព្យាបាលតាមរបៀបដូចគ្នានេះ មិនបង្ហាញប្រសិទ្ធភាពដូចគ្នាទេ៕ ប្រភព៖ Daily Mail

adverise with khmeread

អ្នកនឹងចូលចិត្ត