ខ្ទេចខ្ទីគ្មានសល់ដោយសារស្នាដៃកូនប្រុសសំណព្វវាយបំផ្លាញ

កណ្ដាល ៖ សម្ភារៈក្នុងផ្ទះបែកបាក់ ខ្ទេចខ្ទីគ្មានសល់ដោយសារស្នាដៃកូនប្រុសសំណព្វវាយបំផ្លិចបំផ្លាញកាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះ​ ធី​ រ៉ូយ៉ាល់ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ផូ ធី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាឪពុកបង្កើតជនសង្ស័យ។សម្ភារ:ខូចខាតមាន៖ ១.ទូទឹកកកចំនួន០១, ២.ឆ្នាំងដាំបាយអគ្គីនីចំនួន០១, ៣.កង្ហាល់ចំនួន០២, ៤.បង្អួចកញ្ចក់ចំនួន០១។

ប៉ូលិសបន្តថា ដំបូងឈ្មោះ ធី រ៉ូយ៉ាល់ ជនសង្ស័យបានខ្ចីម៉ូតូពីឪពុកបង្កើតទៅដឹកប្រពន្ធនៅឯខេត្តព្រៃវែង។ ដោយឃើញកូនឈ្មោះធី​ រ៉ូយ៉ាល់ស្រវឹងស្រាខ្លាំងពេកទើបឪពុកមិនព្រមឱ្យខ្ចីម៉ូតូ។ ស្រាប់តែពេលនោះឈ្មោះ ធី ​រ៉ូយ៉ាល់ បានខឹងឪពុកបានយកទូទឹកកកបោក និងវាយឆ្នាំងដាំបាយអគ្គិសនី កង្ហាល់ បង្អួច កញ្ចក់ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនផ្សេងទៀត។ 

ភ្លាមនោះឪពុកបង្កើតជនសង្ស័យក៏បានដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍ប៉ូលិសព្រែកអំបិលពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកអំបិល បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ។

កន្លងមកពេលដែលជនសង្ស័យផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿងនិងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់៕

adverise with khmeread