បេីកឡានដេញតាមជនសង្ស័យឆក់កាបូបកំពុងជិះម៉ូតូជ្រុលបុកដួលបោកចូលក្រោមរថយន្តមួយគ្រឿងទៀតកិនស្លាប់ភ្លាម

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានរថយន្តមួយគ្រឿងដែលគេអះអាងថាជាជនរងគ្រោះ ដោយអំពើឆក់កាបូប បានបេីកដេញតាមរួចបុកម៉ូតូជនសង្ស័យពីក្រោយ បណ្ដាលឱ្យម៉ូតូជនសង្ស័យដួលបោក ចូលក្រោមរថយន្តមួយគ្រឿងផ្សេងទៀតកិនស្លាប់ កាលពីវេលាម៉ោង ប្រមាណ២រសៀល ថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២០ នៅចំណុច ខាងត្បូងហាងបាយសុខហុក ផ្លូវភ្នំពេញហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បុរសដែលអះអាងថាជាជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែប្រាប់ថា​ ជាចៅក្រមសាលាដំបូងខេត្តកោះកុង ជិះរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-7006 ។ ឯអ្នកស្លាប់ឈ្មោះ សាយ គឹមនី ភេទស្រី អាយុ៣០ឆ្នាំ កាត់សក់តែងខ្លួនធ្វើប្រុស មានលំនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដា ស៊េរី២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HO-2546 ។

តាមព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យ បានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន  ដោយមានរថយន្តម៉ាកហាយឡែនឌ័រ មួយបើកដេញពីក្រោយ ។

លុះមកដល់កន្លែងកើតហេតុ ត្រូវបានរថយន្តបុកពីក្រោយពេញទំហឹង បណ្តាលឱ្យដួលបោក លើថ្នល់ ខ្ទាតចូលក្រោមរថយន្ត មួយគ្រឿងទៀត ផ្នែកខាងក្រោយ បណ្ដាលឱ្យស្លាប់តែម្ដង រួចរថយន្តនោះបន្តដំណើរទៅមុខបាត់ទៅ ។

តាមអ្នកបើកបររថយន្តដេញតាមបុកនោះ បានអះអាងថា ខ្លួនជាចៅក្រមខេត្តកោះកុង គាត់ពុំមានចេតនាបុកជនសង្ស័យឱ្យស្លាប់នោះទេ ។ នៅមុនពេលកើតហេតុ គាត់បានបេីករថយន្ត ទៅកាត់សក់នៅតាមផ្លូវលេខ១០១១ ក្នុងភូមិពោងពាយ។ 

ខណៈពេលចុះពីលើរថយន្ត ដើរកាន់កាបូប នៅដៃ ស្រាប់តែជនសង្ស័យរូបនោះ បានធ្វើសកម្មភាពឆក់យកបានសម្រេច ។ ភ្លាមៗ គាត់បានជិះរថយន្តដេញតាម គោលបំណង កៀរផ្តួល ដើម្បីយកកាបូបវិញប៉ុណ្ណោះ ដោយមានប្រាក់ប្រមាណជាង៦ពាន់ដុល្លារ ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវបន្ថែម រួចនាំខ្លួនចៅក្រមរូបនោះ ទៅកាន់អធិការដ្ឋានខណ្ឌសែនសុខដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធីតាមច្បាប់

adverise with khmeread