បុរសម្នាក់លួចម៉ូតូបាន៤ថ្ងៃម្ចាស់ឃើញចាប់ខ្លួនប្រគល់ឱ្យប៉ូលិស

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងនៅមុខផ្ទះគ្មានលេខ ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ កក្កដា ឆ្នាំ២០២០ ម៉ោង១០ និង៣០នាទី រហូតដល់ថ្ងៃទី ថ្ងៃទី០៨ កក្កដា ២០២០ ម៉ោង១០ និង ៣០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងជិះម៉ូតូក៏ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះលឿង ដារ៉ា ភេទ​ប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ពៅ ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា កាលពីថ្ងៃទី ០៥ កក្កដា ២០២០ ម៉ោង១០ និង៣០នាទី ជនរងគ្រោះទុកម៉ូតូហុងដាសេ១២៥ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1DD-6614 នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចចូលទៅក្នុងផ្ទះម្តាយក្មេកបន្តិច។ ក្រោយមកជនរងគ្រោះចេញមកវិញ ក៏ឃើញជនសង្ស័យលួចម៉ូតូជិះគេចខ្លួន ជនរងគ្រោះក៏ដេញតាមដែរតែដេញមិនទាន់។ 

លុះដល់ថ្ងៃទី០៨ កក្កដា ២០២០ ម៉ោង១០ និង ៣០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួន នៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងម៉ូតូ០១គ្រឿង ប្រគល់ឱ្យខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread