អភិបាលក្រុងសេអ៊ូលដែលមានអំណាចបំផុតទី២នៅកូរ៉េខាងត្បូងបាត់ខ្លួនមួយថ្ងៃពេញ ឥឡូវប៉ូលិសរកឃើញហើយតែអកុសលគាត់ទទួលមរណភាពទៅហើយ

ប៉ូលិសនៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបានបើកប្រតិបត្តិការស្វែងរកដ៏ធំមួយកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាបន្ទាប់ពីមានសេចក្តីរាយការណ៍ថាអភិបាលក្រុងបានបាត់ខ្លួន។ ប៉ុន្តែជាអកុសល គាត់ត្រូវបានប្រទះឃើញស្លាប់ទៅហើយនៅយប់ជ្រៅថ្ងៃព្រហស្បតិ៍នេះ។ 

លោក Park Won-soon ត្រូវបានកូនស្រីរាយការណ៍ថាបាត់ខ្លួននៅម៉ោងប្រហែល ៥ ល្ងាច ថ្ងៃព្រហស្បតិ៍ ។ សញ្ញាទូរស័ព្ទចុងក្រោយរបស់លោក Park ត្រូវបានរកឃើញនៅសង្កាត់ Seongbuk-gu នៃទីក្រុងសេអ៊ូលនៅជិតនឹងលំនៅដ្ឋានផ្លូវការរបស់គាត់នៅតំបន់ Jongno-gu នេះបើយោងតាមមន្រ្តីប៉ូលិសដែលដឹងអំពីករណីនេះ។

ប៉ូលិសបាននិយាយថា ក្រុមស្វែងរកបានដើររកនៅជុំវិញសួន Waryong Park កន្លែងដែលចៅហ្វាយក្រុងរូបនេះត្រូវបានថតជាប់នៅលើកាមេរ៉ាសុវត្ថិភាពនៅម៉ោង ១០ និង ៥៣ នាទីព្រឹកទៀបភ្លឺរួមជាមួយទីតាំងជាច្រើនទៀតនៅក្នុងទីក្រុង។

ប៉ូលិសបាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅយប់ថ្ងៃព្រហស្បតិ៍ថា មន្ត្រីប៉ូលិសនិងអ្នកពន្លត់អគ្គិភ័យជិត ៦០០ នាក់រួមជាមួយឆ្កែសង្គ្រោះ ៣ ក្បាលត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអភិបាលក្រុង។

លោក Chung Jin-hang មេក្រុមស្វែងរកសម្រាប់ស្ថានីយពន្លត់អគ្គីភ័យ Seongbuk និយាយថា "បើយើងរកគាត់មិនឃើញនៅយប់នេះទេ យើងនឹងបន្តការស្វែងរកនៅព្រឹកទៀបភ្លឺថ្ងៃស្អែកដោយប្រើឧទ្ធម្ភាគចក្រនិងដ្រូន"។

សកម្មជនសិទ្ធិមនុស្សអាយុ៦៤ឆ្នាំ ដែលក្លាយជាអភិបាលក្រុងសេអ៊ូលតាំងពីឆ្នាំ២០១១ ត្រូវគេមើលឃើញថាទំនងជាក្តីសង្ឃឹមខ្ពស់សម្រាប់ពួកសេរីនិយមនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២។

នៅពេលលោក Park ជាប់ឆ្នោតភ្លូកទឹកភ្លូកដីទល់នឹងបក្សកាន់អំណាចកាលពីជិត១ទសវត្សរ៍មុន ដោយគ្មានទំនាក់ទំនងនយោបាយឬបទពិសោធន៍អ្វីសោះនោះ វាបានបង្កឱ្យភ្ញាក់ផ្អើលខ្លាំងទូទាំងប្រទេស។ ការឡើងកាន់តំណែងដ៏មានអំណាចបំផុតទីពីរនៅក្នុងប្រទេសត្រូវបានគេមើលឃើញថាជាសញ្ញាបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូងធុញទ្រាន់នឹងនយោបាយបែបប្រពៃណី។ 

អតីតមេធាវីការពារសិទ្ធិមនុស្ស ដែលបើកសម្ព័ន្ធឯករាជ្យមួយជាមួយបណ្តាគណបក្សប្រឆាំង បានគាំទ្រលើគម្រោងសុខុមាលភាពទីក្រុង និងក្លាយជានិមិត្តរូបនៃកំណែទម្រង់។ 

គាត់បានជាប់ជាអភិបាលក្រុងម្តងទៀតក្នុងឆ្នាំ ២០១៤ និង ម្តងទៀតក្នុងឆ្នាំ២០១៨៕ ប្រភព៖ CNN

adverise with khmeread