adverise with khmeread Index

អាវុធហត្ថខណ្ឌដូនពេញចាប់ចោរលួចRange Rover

     ភ្នំពេញ ៖ អាវុធហត្ថខណ្ឌដូនពេញសហការជាមួយអាវុធហត្ថរាជធានីភ្នំពេញបានឃាត់ជនសង្ស័យម្នាក់កាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី១៥ធ្នូឆ្នាំ២០១៥ចំណុចក្រោយសណ្ឋាគារណាហ្គា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីបានធ្វើសកម្មភាពលួចរថយន្ត កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០១៥ នៅចំណុចហាងម៉ាស្សាឡាក់គី សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
   មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ថៃ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៩៨ ខណ្ឌ ៧មករា។វត្ថុតាងដកហូតមានរថយន្ត១គ្រឿងម៉ាកRange Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AD-2622។ចំណែកជនរងគ្រោះជាជនបរទេសនៅពុំទាន់ស្គាល់ឈ្មោះ ព្រោះពេលកើតហេតុភ្លាមៗបានដាក់ពាក្យបណ្តឹងទៅឲ្យប៉ូលិស។អាវុធហត្ថកំពុងទាក់ទងរកជនរងគ្រោះ ពីប៉ូលិស។
    មន្ត្រីអាវុធហត្ថបន្តថា កាលពីថ្ងៃទី២៤វិច្ឆិកាកន្លងទៅ ជនរងគ្រោះជាជនបរទេសបានជិះរថយន្តទៅម៉ាស្សានៅហាងឡាគី រួចដោះខោអាវនិងកាបូបទុកនៅលើតុ។ពេលនោះជនល្មើសឆ្លៀតពេលជនបរទេសភ្លេចខ្លួន ក៏លួចយកកាបូបរួចគេចចេញមកក្រៅ។ មកដល់ខាងក្រៅជនល្មើសក៏ចុចតេឡេស្រាប់តែសោរថយន្តលោតក៏លួចយករថយន្តនោះបើកយកទៅលាក់នៅក្នុងផ្ទះរបស់ខ្លូននៅខណ្ឌ៧មករា។
    អស់រយ:ពេល២២ថ្ងៃទំនងជាជនសង្ស័យថាម្ចាស់ភ្លេចខ្លួន ក៏បើករថយន្តទៅលក់នៅការ៉ាស់រថយន្តមួយកន្លែង តែអ្នកទិញថាគ្មានឯកសារត្រឹមត្រូវមានការសង្ស័យក៏រាយការណ៍ប្រាប់អាវុធហត្ថ ហើយអាវុធហត្ថបានសហការជាមួយហាងម៉ាស្សាមើលតាមកាមេរ៉ាសុវត្ថិភាពឃើញភិនភាគដូចគ្នាក៏ចាប់ខ្លួនតែម្តង។
   បច្ចុប្បន្នទាំងជនសង្ស័យទាំងរថយន្តបានបញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញ ហើយនឹងបញ្ជូនទៅតុលាការនៅថ្ងៃទី១៧ធ្នូនេះចាត់ការតាមនីតិវិធី៕
រូប៖ជនសង្ស័យឈ្មោះហេង ថៃលួចរថយន្តបាន២២ថ្ងៃត្រូវអាវុធហត្ថចាប់ខ្លួន

adverise with khmeread

មតិយោបល់