រថយន្តបាញ់ស៊ីម៉ង់ត៍បើកបុកម៉ូតូហើយកិនស្រ្តីម្នាក់ខ្ទេចខ្លួន ខណៈកំពុងឈប់ស្តុប

ភ្នំពេញ ៖ ស្ត្រីជាអាជីវករទិញលក់មាន់ម្នាក់បានខ្ទេចខ្លួនស្លាប់ ខណៈជិះម៉ូតូឌុបមាន់ជាច្រើនមកឈប់រង់ចាំភ្លើងស្តុប ហើយមានរថយន្ដបាញ់ស៊ីម៉ង់ត៍មួយគ្រឿងបានមកបុកពីក្រោយនិងកិនពីលើ បណ្ដាលឱ្យខ្ទេចខ្លួនមើលលែងយល់, ចំណែកឯម៉ូតូជាប់ក្រោមរថយន្តអូសជាង៥០០ ម៉ែត្រទើបត្រូវប្រជាពលរដ្ឋឃាត់បានអ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ច។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លើកំណាត់ផ្លូវបេតុង ២១៧ ចំណុចស្តុបផ្ទះស្រាបៀរ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ហុង ឆៃណា ភេទស្រី អាយុ៣១ឆ្នាំ ស្រុកកំណើតនៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូន០៣នាក់ (ប្រុសទាំងអស់) មុខរបរលក់មាន់ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅពាក់ស្លាកកំពត 1J.1061។

ចំណែកអ្នកបើកបររថយន្ដ ផ្តាច់ជីវិតគេឈ្មោះ សម្បត្ដិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបរក្រុមហ៊ុនដ្រាហ្គនស៊ីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ។

ប្រភពនិយាយថា ដំបូងស្ត្រីរងគ្រោះរួមជាមួយប្តី ជិះម៉ូតូម្នាក់មួយ ឌុបដឹកមាន់ជាច្រើនក្បាលពីរក្រោយ លុះធ្វើដំណើរមកដល់ចំណុចភ្លើងស្តុប ផ្ទះស្រាបៀរបានឈប់រង់ចាំស្តុប ស្របគ្នានោះក៏មានរថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទបាញ់ស៊ីម៉ង់ត៍បេតុង ពាក់ស្លាកលេខ 5A.2423 មកបុកពីក្រោយដោយមិនបានចាប់ហ្វ្រាំងបានជ្រុលទៅបុកពីក្រោយម៉ូតូស្ត្រីជនរងគ្រោះព្រមទាំងកិនស្ត្រីជនរងគ្រោះបណ្ដាលឱ្យខ្ទេចសុះសាច់មើលលែងយល់។ចំណែកឯម៉ូតូបានជាប់នៅក្រោមរថយន្តទៅជាមួយអូសជាង៥០០ ម៉ែត្រទើបត្រូវប្រជាពលរដ្ឋឃាត់បានប្រគល់អ្នកបើកបរប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ ដើម្បីធ្វើការសាកសួរ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឱ្យប៉ូលិសជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

adverise with khmeread