ចិនថារកឃើញដានកូវីដ១៩ក្នុងបង្គានាំចូលពីប្រទេសនៅទ្វីបអាមេរិកឡាទីន តែថាមេរោគនេះមិនចម្លងតាមរយៈអាហារវេចខ្ចប់ទេ

អាជ្ញាធរចិនបានរកឃើញមេរោគកូរ៉ូណានៅលើថង់វេចខ្ចប់និងនៅក្នុងទូកុងតឺន័រក្លាសេបង្គា ប៉ុន្តែប្រធានសុវត្ថិភាពចំណីអាហារបាននិយាយកាលពីថ្ងៃសុក្រទី១០កក្កដាថា ការរកឃើញនេះមិនមានន័យថាវីរុសកូរ៉ូណាអាចឆ្លងតាមរយៈអាហារវេចខ្ចប់នោះទេ។ នេះយោងតាមកាសែត South China Morning Post ផ្សាយកាលពីថ្ងៃសុក្រ។

លោក Bi Kexin អគ្គនាយកការិយាល័យសុវត្ថិភាពចំណីអាហារនាំចេញនាំចូលក្រោមរដ្ឋបាលគយរបស់ចិនបាននិយាយនៅទីក្រុងប៉េកាំងថា សំណាកវិជ្ជមានកូវីដ១៩ចំនួន ៦ ត្រូវបានរកឃើញពីសំណាកជិត ២២៣.០០០ ដែលត្រូវបានយកមកពីអាហារក្លាសេនាំចូលពីបរទេស។

អាជ្ញាធរចិនបានធ្វើតេស្តរកមេរោគកូរ៉ូណាបន្ថែមទៀតលើចំណីអាហារដែលនាំចូលពីបរទេស បន្ទាប់ពីមានការលេចឡើងជាថ្មីនៃករណីកូវីដ១៩នៅទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែមិថុនា ដែលគេភ្ជាប់ទៅនឹងផ្សារចំណីអាហារមួយ ដែលគេរកឃើញកូរ៉ូណាទុំនៅលើជ្រុញ ដែលប្រើសម្រាប់កាត់ត្រីសាម៉ុងនាំចូល។ ក្រុមអ្នកជំនាញបាននិយាយថា ត្រីខ្លួនវាផ្ទាល់មិនទំនងជាអាចផ្ទុកវីរុសកូរ៉ូណាបានទេ។

សំណាកវិជ្ជមានត្រូវបានរកឃើញនៅខាងក្រៅកញ្ចប់វេចខ្ចប់អាហារនិងនៅខាងក្នុងទូកុងតឺន័រក្លាសេបង្គាពណ៌សដែលលក់ដោយក្រុមហ៊ុនចំនួន៣របស់ប្រទេសអេក្វាទ័រ។ ប៉ុន្តែសំណាពីបង្គារនិងផ្ទៃខាងក្នុងនៃកញ្ចប់ត្រូវបានធ្វើតេស្តអវិជ្ជមាន។

លោក Bi និយាយថា "លទ្ធផលនេះបានបង្ហាញថាកុងតឺន័រនិងការវេចខ្ចប់របស់ក្រុមហ៊ុនទាំងនេះគឺស្ថិតនៅក្រោមហានិភ័យនៃការចម្លងមេរោគកូរ៉ូណា។ ក្រុមអ្នកជំនាញបាននិយាយថាខណៈពេលនេះមិនមានន័យថាអាហារសមុទ្រទាំងនោះអាចចម្លងវីរុសបានទេ វាបង្ហាញថាការគ្រប់គ្រងសុវត្ថិភាពចំណីអាហារគឺមិនទាន់ល្អ"។

គយចិនបានផ្អាកការនាំចូលចំណីអាហារពីក្រុមហ៊ុនទាំង៣ ហើយនឹងប្រគល់ឱ្យវិញឬបំផ្លាញចំណីអាហារដែលរឹបអូសបានទាំងនោះ។

លោក Bi និយាយថា ខ្លួនក៏បានជំរុញអាជ្ញាធរអេក្វាទ័រឱ្យបង្កើនការគ្រប់គ្រងរបស់ខ្លួនលើអាហារក្លាសេដែលនាំចេញទៅប្រទេសចិនផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត