រាប់អានគ្នាតាមហ្វេសប៊ុកដូចបងប្អូន,ចុងក្រោយខ្ចីលុយជាង៨ពាន់ដុល្លារហើយបិទទូរស័ព្ទបាត់

បន្ទាយមានជ័យ​ ៖ ស្ត្រី​រងគ្រោះ​ម្នាក់បានរត់មក​ប្តឹង​ដល់ប៉ូលិស​ស្រុក​ភ្នំស្រុកកាលពី​ថ្ងៃទី​១០​ ខែកក្កដា ​ឆ្នាំ​២០២០ ដើម្បី​ជួយ​ស្រាវជ្រាវរក​ជន​ឆបោក​មក​ផ្តន្ទាទោស បន្ទាប់ពីនាងលង់ខ្លួន​នឹង​បុរស​ម្នាក់​ស្គាល់គ្នា​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ ហើយនាងបានឱ្យបុរសនោះខ្ចីលុយ​៨.១០០​ដុល្លារ​ព្រោះ​ចង់បាន​លុយ​ការប្រាក់ ក្នុង​១​ថ្ងៃ​៥ពាន់​ប្រាក់​ថៃ​ ក្រោយពីទទួលលុយបានហើយតេលេងចូល ទើបដឹង​​ថា​ ខ្លួនចាញ់បោក​គេ។

លោក​វរសេនីយ៍ឯក​ យ៉​ត​ សុផល ​អធិការប៉ូលិស​ស្រុក​ភ្នំស្រុក​បានឱ្យដឹង ​នៅ​ថ្ងៃ​១០​ ខែកក្កដា​ ឆ្នាំ​២០២០​ថា​ មាន​ស្ត្រី​​រងគ្រោះ​ឈ្មោះ ​ដួង ​សុគន្ធា​វី​ អាយុ​៣៧​ឆ្នាំ ​នៅ​ភូមិ​ប៉ោយចារ​ ឃុំ​ប៉ោយចារ​ ស្រុក​ភ្នំស្រុក​ ខេត្ត​បន្ទា​មានជ័យ។​

ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ គាត់​បាន​ស្គាល់​បុរស​នោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​អា​ខោ​ន​ឈ្មោះ ​«វាសនា​អ្នករកស៊ី​» និង​មាន​ទំនាក់ទំនង​ជាមួយគ្នា​អស់​រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកហើយ​ គឺ​ទុកចិត្ត​រាប់អាន​គ្នា​ដូច​បងប្អូន​តាម​រលក​ធាតុអាកាស​ តែ​ពុំដែល​បាន​ជួប​មុខនិង​ស្គាល់មុខ​គ្នា​ផ្ទាល់​ទាល់តែសោះ។​

ស្ត្រីរងគ្រោះបន្តថា បុរស​នោះ​តែង​បាន​ប្រាប់ថា​គេ​រស់​នៅ​និង​រកស៊ី​នៅ​ខេត្តស្ទឹងត្រែង​។​ លុះ​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០២០​ឈ្មោះ​ «វាសនា»​ នេះ​បាន​ហៅ​មក​ខ្ចីប្រាក់​គាត់​ចំនួន​៨.១០០​ដុល្លារ​។​ដោយ​បុរស​នោះបាន​និយាយ​ប្រាប់ថា «​ខ្លួនគេ​ដឹកឈើ​ចូលទៅ​ប្រទេស​វៀតណាម​ត្រូវបាន​គេ​ចាប់​។​ គឺ​យកលុយ​នោះ​ទៅ​សូកប៉ាន់​មន្ត្រី​ហើយនឹង​សង​វិញ​ភ្លាម បើ​បាន​ដោះស្រាយ​ចប់។​ ក្នុង​លុយ​ចំនួន​៨.១០០​ដុល្លារ​នោះគេ​ឱ្យ​ការប្រាក់​១​ថ្ងៃ​៥.០០០​បាត»​។ ​

ស្ត្រី​នោះក៏បាន​វេរ​លុយ​ចូល​លេខ​ទូរស័ព្ទ​បុរស​នោះ​។​ ប៉ុន្តែ​១​ថ្ងៃក្រោយមក ​នាង​បាន​ហៅ​ទូរស័ព្ទ​ទៅលេខ​បុរស​នោះ​ជាច្រើនលើក​តែ​នៅក្រៅ​តំបន់​សេវា​រហូតទើប​ដឹងខ្លួន​ថា នាង​ចាញ់បោក​គេ​ហើយៗ​បាន​រត់​ទៅប្តឹង​ដល់ប៉ូលិស​ឱ្យជួយ៕

adverise with khmeread